មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅក្នុងក្លឹបកម្សាន្តនាពេលរាត្រីមួយកន្លែងនៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យកន្លងទៅដែលបណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់២៣២នាក់។
អ្នកនាំពាក្យរបស់មន្ត្រីប្រចាំតំបន់បានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ មានគ្រោះអគ្គិភ័យមួយបានឆាប់ឆេះឡើងនៅក្នុងក្លឹបកម្សាន្តឈ្មោះ “KISS” ដែលស្ថិតនៅក្នុងតំបន់សាន់តា ម៉ារៀ។ នៅក្នុងក្លឹបកម្សាន្តមាននិស្សិតមកពីសកលវិទ្យាល័យ Federal University of Santa Maria ជាច្រើននាក់បានចូលកម្សាននៅទីនោះ។
មានសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រហែលជា ២រំលងអាត្រា ខណៈពេលដែលក្រុមតន្ត្រីបានបង្ហាញនូវសិល្បៈនៃការបាញ់កាំជ្រូច ដែលធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះដល់ពិដាន ក៏បង្កឲ្យមានអគ្គិភ័យកើតឡើងតែម្ដង។
របាយការណ៍ពីមន្ត្រីមូលដ្ឋាន និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានឲ្យដឹងថា ភាគច្រើនបានស្លាប់ដោយសារតែថប់ដង្ហើម និងរត់ជាន់គ្នា។ រីឯអ្នករងរបួសផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនៅមិនទាន់ដឹងពីតួលេខនៃអ្នករបួសនោះទេ៕
ប្រភព៖ The Wall Street Journal
មតិយោបល់