បាត់ដំបងៈ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររថយន្តក្រុងដឹកអ្នកដំណើរ បើកបុកម៉ូតូពីក្រោយពេញទំហឹង កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីមន្រ្តីនគរបាលចរាចរណ៍ស្រុកថ្មគោលបានឲ្យដឹងថា រថយន្តបង្កជារថយន្តក្រុងរបស់ក្រុមហ៊ុនអូរឡុងពេជ្រ ម៉ាកហ៊ីយិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ៣A-៩៨២៩ ដឹកភ្ញៀវអន្តរជាតិ ជាច្រើននាក់។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុរថយន្តបានបើកចេញពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ បានបុក ពីក្រោយម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១S-២៧០២ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្ក មិនត្រូវបានគេស្គាល់អត្ដសញ្ញាណទេ ក្រោយកើតហេតុរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ រួចអូសរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕
មតិយោបល់