ភ្នំពេញៈ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍ បើករថយន្តមួយគ្រឿងមិនប្រយ័ត្នក៏ជ្រុលទៅកៀររថយន្តកូរ៉ូឡាមួយគ្រឿងទៀត ដែលបើកស្របទិសគ្នាបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចតាមបណ្តោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វូយហ្សូ ពណ៌ស ជារថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនជីអ៊ិល ពាក់ស្លាកលេខ ភ្នំពេញ 5A-0705 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងដោយបើកតាមបណ្តោយផ្លូវ១៩៥៨ ដែលបានបើកឆ្លងកាត់ផ្លូវ១០០៣ ហើយរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើក៏បានបើកគេចពីរថយន្ដនោះ មកខាងស្តាំដៃដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅកៀររថយន្ដមួយគ្រឿងទៀតម៉ាក កូរ៉ូឡា៩៨ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-9049 ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា ទន្ទឹមខាងស្តាំនិងរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ បណ្តាលឲ្យរថយន្តកូរ៉ូឡារងការខូចខាតដាច់កញ្ចក់មើលក្រោយ និងកំពិតមួយចំហៀងផ្នែកខាងឆ្វេង។ ចំណែកឯរថយន្តបង្ករងការខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងពីរធ្វើការចរចារដោះស្រាយគ្នា ហើយដោយភាគីទាំង២មិនចង់មានរឿងវែងឆ្ងាយ ក៏សម្របសម្រួលព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបង្កព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់