ព័ត៌មានជាតិ

បុរសជាងដែក និងនារីលក់ដូរចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះ២នាក់ បានរងការវាយដោយកណ្តាប់ដៃ ពីជនសង្ស័យ២នាក់ បណ្តាលឲ្យរងរបួសយ៉ាងដំណំ នៅមុខផ្ទះ គ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី។

បន្ទាប់ពីមានហេតុការណ៍ហិង្សាដោយចេតនាកើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ តាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ រស់ ឈាងស្រេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ១៤១EoZ ផ្លូវលេខ១២៨ ភូមិ៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនរងគ្រោះទី២-ឈ្មោះណា វ៉ាន់នីន ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ៣៧ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖

១-ឈ្មោះគង់ សុភឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក។
២-ឈ្មោះប៊ុត រ័ត្ននា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ ទាំង០២នាក់ស្នាក់ នៅផ្ទះលេខ៧២ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទុកម៉ូតូនៅលើផ្លូវ (ចំណុចកើតហេតុ) ពេលនោះជនរងគ្រោះឈ្មោះ រស់ ឈាងស្រេង និងឈ្មោះ ណា វ៉ាន់នីន បើករថយន្តទៅផ្ទះមិនរួច ក៏ស្រែកប្រាប់ជនសង្ស័យ ឲ្យយកម៉ូតូចេញ រួចជនរងគ្រោះ ឈ្មោះ ណា វ៉ាន់នីន និងជនសង្ស័យឈ្មោះ ប៊ុត រត្ន័នា ក៏មានទំនាស់វាយគ្នា បណ្តាលឲ្យ ជនរងគ្រោះឈ្មោះ ណា វ៉ាន់នីន របួសជាំ ភ្នែកឆ្វេង និងរយះក្រោមភ្នែកឆ្វេងដួលទៅលើដីរបួសជង្គង់ស្តាំ និងជាំភ្លៅឆ្វេង ពេលនោះ ជនរងគ្រោះឈ្មោះ រស់ ឈាងស្រេង ចូល មកជួយ ក៏ត្រូវបានជនសង្ស័យឈ្មោះ គង់ សុភឿន វាយមួយដៃបណ្តាលឲ្យបាក់ក្តោងច្រមុះ រួចក៏មានអ្នកជិតខាងជួយឃាត់ចេញ។
បន្ទាប់មកជនរងគ្រោះទាំង០២នាក់ ក៏ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលនៅមន្ទីរពេទ្យ រួចមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ ការប៉ុស្តិ៍ច្បារអំពៅ២ ។ លុះដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០ នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ធ្វើការសាកសួរ ចាត់ការតាមច្បាប់ ៕

មតិយោបល់