កណ្តាលៈ ក្មេងកំព្រាឪពុកម្នាក់ ធ្វើអត្តឃាតចងកផ្តាច់សង្ខារ ដោយមិនដឹងពីមូលហេតុ កាលពីវេលាម៉ោង១៧:១៥នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិក្រឡឹងដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ុត គឹមសាន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានមកពីលេងបាល់នៅក្នុងភូមិ ពេលមកដល់ផ្ទះ បានដាក់ដាំបាយព្រោះម្តាយទៅមើលស្រែ ហើយបងស្រីទៅធ្វើរោងចក្រ។ លុះដល់វេលាម៉ោងប្រមាណ ១៧:១៥នាទីបងស្រីជនរងគ្រោះ ឈ្មោះ យ៉ុត សុខនួន អាយុ២១ឆ្នាំ បានត្រឡប់មកពីធ្វើការរោងចក្រវិញ មួយសន្ទុះក្រោយមកក៏បានឡើងទៅលើផ្ទះហើយឃើញជនរងគ្រោះដែលត្រូវជាប្អូនប្រុសបង្កើតធ្វើអត្តឃាតដោយចងក នឹងក្រមារជាប់ធ្នឹមកណ្តាលផ្ទះ ពេលនោះ សុខ នួន ក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយ ហើយក៏បានស្រាយចំណងដាក់ជនរងគ្រោះចុះមកក្រោម តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។
យោងតាមប្រភពពីមន្ត្រីជំនាញពិនិត្យ កោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់