នាវាមុជទឹកKRI Nanggala 402បានបាក់ជាបីកំណាត់ លិចក្នុងបាតសមុទ្ទជម្រៅ៨៥០ម៉ែត្រ និងត្រូវបានរកឃើញដោយនាវាមុជទឹកសង្គ្រោះរបស់សិង្ហបុរី នៅព្រឹកថ្ងៃអាទិត្យទី ២៥មេសា។ នេះបើតាមការលម្អិតរបស់លោកអគ្គមេបញ្ជាការកងទ័ពជើងទឹក Yodo Margono។ មុនប្រកាសរកឃើញនាវាមុជទឹកបន្តិច ក្រុមអ្នកស្វែងរករើសបានបំណែកនាវាជាច្រើនផ្សេងទៀត ដូចជា ដងយុថ្កា សម្លៀកបំពាក់សុវត្ថិភាពរបស់នាវិក។ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមសង្គ្រោះបានរកឃើញវត្ថុជាច្រើនរបស់នាវាអណ្តែតលើផ្ទៃទឹក តែពុំទាន់អាចកំណត់បានថាតើនាវាលិចនៅទីណាឱ្យប្រាកដ។
អាជ្ញាធរឥណ្ឌូណេស៊ី នៅតែមិនផ្តល់មូលហេតុផ្លូវការនៃការលិចនាវាមុជទឹកនេះទេ តែបានបង្ហើបថានាវាទំនងមានបញ្ហាអគ្គីសនី ហើយក្រុមនាវិកមិនអាចបញ្ជាឱ្យនាវាអណ្តែតឡើងមកលើផ្ទៃទឹកវិញបាន។ ដោយច្រានចោលសម្មិតកម្មដែលថានាវាមុជទឹកបានផ្ទុះ អាជ្ញាធរឥណ្ឌូណេស៊ីបានពន្យល់កាលពីថ្ងៃសៅរ៍ម្សិលមិញថា នាវាទំនងជាត្រូវបែកលិច ដោយកម្លាំងសម្ពាធទឹក ក្នុងជម្រៅដល់៨០០ម៉ែត្រ ដែលហួសពីសមត្ថភាពរបស់នាវា។ បើតាមអ្នកជំនាញបារាំង នាវាមុជទឹកដែលមានសំបកធ្វើពីដែកថែប ដូចយ៉ាងនាវាគ្រីណង់ហ្កាឡា នឹងប្រេះបែកឡើងសំប៉ែតដូចអាក័រដេអុង យ៉ាងដូច្នោះ នៅពេលមុជទឹកជ្រៅហួសសមត្ថភាព។
ចំណាស់៤៤ឆ្នាំ ផលិតដោយអាល្លឺម៉ង់ នាវាមុជទឹកឥណ្ឌូណេស៊ី KRI Nanggala 402 បានទទួលការអនុញ្ញាតឱ្យមុជចូលក្នុងសមុទ្ទ នាព្រឹកថ្ងៃពុធទី ២១មេសា ក្នុងក្របខ័ណ្ឌនៃការធ្វើសមយុទ្ធ មានបំពាក់អាវុធបាញ់ដោយស្វ័យប្រវត្តិផង និងអាចមុជក្នុងទឹកជម្រៅពី៣៥០-ទៅ៤០០ម៉ែត្រ។ ពន្លិចខ្លួនបានបន្តិច ស្រាប់ដាច់ទំនាក់ទំនងឈឹង។ បាត់នាវាមុជទឹក ឥណ្ឌូណេស៊ីបានបញ្ចេញទាហានជាច្រើនរយនាក់ យន្តហោះយោធា និងនាវាសង្គ្រាមជាច្រើនគ្រឿងទៅស្វែងរកនាវាមុជទឹក ក្រែងមានអភិនិហារកឃើញនិងសង្គ្រោះជីវិតនាវិកទាំង៥៣បាន នៅមុនថ្ងៃព្រឹកថ្ងៃសៅរ៍។ ប្រទេសជិតខាងម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក ឥណ្ឌា ព្រមទាំង អូស្ត្រាលី បានចូលរួមក្នុងប្រតិបត្តិការស្វែងរកនាវាបាត់ខ្លួន ដោយផ្តុំការស្រាវជ្រាវក្នុងរង្វង់៣០គីឡូម៉ែត្រការ៉េ។
មុនសេចក្តីជូនដំណឹងស្តីអំពីការរកឃើញខ្មោចនាវាមុជទឹកនៅបាតសមុទ្ទ លោកប្រធានាធិបតី យូកូ វីដូដូ បានផ្ញើសាររំលែកទុក្ខដល់គ្រួសារនាវិក ដោយចាត់ទុកយុទ្ធពលីទាំង៥៣ថាជាកុលបុត្រជាតិដ៏ល្អប្រពៃបំផុតរបស់ជាតិ ជាអ្នកស្នេហាជាតិ ដែលបានការពារបូរណភាពដែនដី។
ឥណ្ឌូណេស៊ីមាននាវាមុជទឹកសរុបចំនួន៥គ្រឿង ពីរគ្រឿង ក្នុងនោះមួយឈ្មោះ គ្រីណង់ហ្កាឡាជាផលិតផលរបស់អាល្លឺម៉ង់ ចំណែកបីគ្រឿងទៀត ទំនើបជាងជាបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង៕
មតិយោបល់