ភ្នំពេញៈ កាលពីវេលាម៉ោង០៩ និង៤៥នាទីយប់ ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានឡើងទៅលើបង្គោលភ្លើងតង់ស្យង់ខ្ពស់ កម្ពស់ជាង៥០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកអន្តរាគមន៍ទាំងយប់ នៅត្រង់ចំណុចម្ដុំផ្ទះល្វែង ទើបសាងសង់ ជាប់ដីឧកញ៉ា សៀង ម៉េង ស្ថិតតាមផ្លូវបេតុង ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះ យស សាវ៉ន អាយុ៤៩ឆ្នាំ មានជំងឺសរសៃប្រសាទជិត១០ឆ្នាំមកហើយ មុខរបរធ្វើការសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានប្រពន្ធជនរងគ្រោះឈ្មោះ រ័ត្ន ហ៊ន អាយុ៥២ឆ្នាំ មុខរបរធ្វើសំណង់ និងមានកូន៦នាក់ ទៅរស់នៅកន្លែងធ្វើការផ្សេងៗពីគ្នាអស់ហើយ។
តាមសម្ដីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកធ្វើការសំណង់ដូចគ្នា បានបបួលប្ដីទៅអង្គុយជជែកគ្នាលេង ហើយប្ដីរបស់គាត់ ក៏ចង់ផឹកស្រា ទើបអ្នកដែលបបួលទៅទីនោះ បានឲ្យពិសារអស់មួយកំប៉ុង បន្ទាប់មកជនរងគ្រោះ ក៏ត្រលប់មកកន្លែងស្នាក់នៅវិញ។
លុះដល់វេលាម៉ោងជិត០៩យប់ ស្រាប់តែប្ដីរបស់គាត់រអ៊ូ ហើយដើរចេញទៅក្រៅបាត់ មួយសន្ទុះក្រោយមក ក៏ឮអ្នកធ្វើការជិតនោះប្រាប់ថា បុរសដែលជាប្ដីរបស់ខ្លួននោះ កំពុងឡើងលើបង្គោលភ្លើងតង់ស្យុងខ្ពស់ ទើបផ្អើលឆោទ្បោ ឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយចាប់ឃាត់ប្ដីរបស់គាត់ តែដោយសារចាប់មិនជាប់ ទើបបណ្ដោយឲ្យប្ដីរបស់គាត់ឡើង ដល់លើបង្គោលតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ដល់សមត្ថកិច្ចភ្លាមៗផងដែរ។
ភ្លាមៗផងដែរកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងប្រាប់ខាងអគ្គិសនីកម្ពុជា EDC ចុះមកសហការគ្នា ជួយលួងលោមបុរសខាងលើ តែទោះបីជាស្រែកហៅ និងលួងលោមគ្រប់វិធី ក៏បុរសខាងលើ មិនព្រមចុះមកវិញដែរ បែរជាឡើងរហូតដល់ចុងបង្គោលតុងស្យុងតែម្ដង។
អស់រយៈពេលជិត២ម៉ោង ទើបបុរសម្នាក់ ឈ្មោះ វ័ន្ត អាយុជិត៣០ឆ្នាំ ត្រូវជាកូនរបស់បុរសដែលមានជំងឺសរសៃប្រសាទខាងលើ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ រួចប្រញ៉ាប់ស្រែកហៅឪពុក ទើបបុរសជាឪពុក ព្រមចុះមកក្រោមវិញ៕
មតិយោបល់