សៀមរាបៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ផយ សុផល ភេទស្រី អាយុ៣៣ឆ្នាំ មានសមាជិកចំនួន៤នាក់ បានដេកលក់លង់ទាល់តែភ្លើងឆេះសន្ធោសន្ធៅ ទើបនាំគ្នារត់ចេញមកខាងក្រៅយករួចខ្លួន និងស្រែកឲ្យអ្នកជិតខាងជួយរាយការណ៍ជូនសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដោយប្រើប្រាស់រថយន្តចំនួន៣ ទើបរលត់ទៅវិញទាំងស្រុង។
អគ្គិភ័យនេះបានឆេះបំផ្លាញ ផ្ទះដែលមានទំហំ៦គុណ១២ម៉ែត្រ ខូចខាត៧០ភាគរយ , ប្រាក់ដុល្លារចំនួន៦៤៥ដុល្លារ , ប្រាក់រៀល ៦០ម៉ឺន , ប្រាក់បាត ៦០០០បាត , ម៉ាស៊ីនបោកខោអាវ ១គ្រឿង , គ្រែ៤ , ពូក៤, សម្លៀកបំពាក់ , ចាន ឆ្នាំង កន្ទេល មុងភួយ ទូដាក់ខោអាវ សៀវភៅគ្រួសារ ក២ ក៤ អត្តសញ្ញាណប័ណ្ណ២សន្លឹក ៕



មតិយោបល់