ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូគេចពន្ធ និងរំលោភកម្មសិទ្ធិបញ្ញា របស់ម្ចាស់អាជ្ញាប័ណ្ណក្រុមហ៊ុន ប៊ី ឌី ស៊ី លីមីតធីត (ម៉ាកLIX) ២ទីតាំងក្នុងខេត្តតាកែវ!!!

តាកែវៈ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តតាកែវ ដឹកនាំដោយលោក ឃុន ភឿន ព្រះរាជ្ញារងអមសាលាដំបូងខេត្តាកែវ និងលោកឧត្តមសេនីយ៍ត្រី វង្ស ហុកលី ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយនិងកងកម្លាំង និងបុគ្គលិករបស់ក្រុមហ៊ុនប៊ី ឌី ស៊ី លីមីតធីត ចុះធ្វើការចាប់ទីតាំងស្តុកសាប៊ូគេចពន្ធនាំចូលពីប្រទេសវៀតណាម និងរំលោភកម្មសិទ្ធិបញ្ញារបស់ម្ចាស់អាជ្ញាប័ណ្ណសុំសិទ្ធិនាំចូលផ្តាច់មុខនៅកម្ពុជា នៅចំណុច២ទីតាំងផ្សេងគ្នា ក្នុងខេត្តតាកែវ។

ទីតាំងដែលបង្ក្រាបនាពេលនេះ ទីតាំងទី១ នៅខាងកើតផ្សារធំតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលមានម្ចាស់ទីតាំងឈ្មោះ សុខ យាំង ធ្វើការដកហូតប្រភេទសាប៊ូទឹកលាងចាន ចំនួន១១៤កេះ និងសាប៊ូម្សៅចំនួន ៨កេះ ។

ទីតាំងទី២ នៅខាងជើងផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហាម សុភា ធ្វើការដកហូត ប្រភេទសាប៊ូទឹកលាងចានចំនួន ២៩កេះ និងសាប៊ូម្សៅចំនួន ៣កេះ។

បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងខណៈដែលម្ចាស់អាជ្ញាប័ណ្ណសុំសិទ្ធិផ្តាច់មុខនៅកម្ពុជា បានប្តឹង ខណៈដែលមានការនាំចូលស្តុក និងចែកចាយនូវផលិតសាប៊ូម្សៅ និងទឹកលានចានម៉ាក LIX មិនស្របច្បាប់ និងមិនមានការអនុញ្ញាតពីក្រុមហ៊ុនត្រឹមត្រូវ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់