សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីលួច។
ជនសង្ស័យមាន៖
១-ឈ្មោះ យ៉ត អ៊ាងម៉ូលី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប។
២-ឈ្មោះ ហួរ ចំរើន (ហៅហាន ) ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
៣-ឈ្មោះ ជា ទុង (ហៅម៉ោង) ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា ជនទាំង ៣នាក់នេះមានជាប់ពាក់ព័ន្ធក្នុងរឿង អំពើលួច (កាណូតស្មាច់និងម៉ាស៊ីន) នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទី រំលងអធ្រាត្រ ចំណុចភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបានបន្តទៀតថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១នឹង០០យប់ មានឈ្មោះ ពា តៃ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចុះពីលើផ្ទះទៅមើលកាណូតស្មាច់ដែលចងទុក និងព្រែក ស្រាប់តែបាត់កាណូត ហើយបានស្រែកហៅបងថ្លៃឈ្មោះ យឹម យ៉ិច ភេទប្រុស ឲ្យជួយរកពេលនោះបងថ្លៃ ចុះមកមើលកាណូតស្មាច់គាត់បានបាត់ម៉ាស៊ីនពីកាណូតស្មាច់គាត់ដែរ ភ្លាមនោះស្រាប់ឮសំលេងកាណូតបើកចេញទៅទិសខាងត្បូងសំដៅទៅមាត់ទន្លេសាប។ ម្ចាស់កាណូតក៏បានជិះកាណូតដេញតាមពីក្រោយ ទើបជនសង្ស័យបានលេងកាណូតគាត់មកវិញ រួចវាជិះគេចចូលព្រែកក្បែរនោះ។ ហើយម្ចាស់កាណូតក៏បានតាមរកឃើញជនសង្ស័យដែលមានឈ្មោះ យ៉ត អ៊ាងម៉ូលី ភេទប្រុស រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ហើយចាប់ខ្លួនជនសង្ស័យប្រគល់ជនសង្ស័យជូនសមត្ថកិច្ច ហើយក៏បន្តឈានដល់ការចាប់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតដែលជិះកាណូតពីឃុំកំពង់ឃ្លាំងមកចាំទទួលយកម៉ាស៊ីននិងកាណូតដែលលួចបាន។
តាមចម្លើយសារភាពរបស់ឈ្មោះ យ៉ត អ៊ាងម៉ូលី បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតមែន ហើយកន្លងមកធ្លាប់លួចលក់ឲ្យឈ្មោះ ជា ទុង(ម៉ោង)និងឈ្មោះហួរចំរើន(ហាន )នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានចំនួន ០២លើករួចមកហើយ ។
ចំណែកឈ្មោះ ហួរ ចំរើន (ហៅហាន) និងឈ្មោះ ជា ទុង (ហៅម៉ោង) បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនពិតជាធ្លាប់ទិញម៉ាស៊ីនពីឈ្មោះ អ៊ាង ម៉ូលី ពិតមែនរហូតធ្លាប់បានជួយដោះម៉ាស៊ីនចេញពីកាណូតស្មាច់ផ្ទាល់ម្តងដែរ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមានចំនួន ០២នាក់ គឺឈ្មោះ ហួរ ចំរើន និងឈ្មោះ យ៉ត អ៊ាង ម៉ូលី ចំណែកឈ្មោះ ជា ទុង លទ្ធផលអវិជ្ជមាន។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
១.ទូកស្មាច់ពណ៌សលាយក្រហមប្រវែងបណ្តោយ ៦,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ម៉ាស៊ីនហ៊ីណូតា ១៨សេស។
២. ទូកស្មាច់ពណ៌បៃតងសរប្រវែងបណ្តោយ ៦,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ម៉ាស៊ីនហ៊ីយ៉ានដាយ ១៨សេស។
៣.ទូកស្មាច់បៃតងសរចំនួន១គ្រឿងដែលមានប្រវែងបណ្តោយ ៦,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ម៉ាស៊ីនហ៊ីយ៉ានដាយ ១៨សេស។
៤. ម៉ាស៊ីនសាំង ១៨សេសពណ៌ស្លាទុំចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
មតិយោបល់