ព័ត៌មានជាតិ

រថយន្តម៉ាក Asia ពន្លះជាមួយម៉ូតូMSX ស្លាប់២នាក់យ៉ាងរន្ធត់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក Asia ពណ៌សយីឌុប ស៊េរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ កំពង់ចាម 3A-0610 បានបុកជាមួយនិងម៉ូតូម៉ាក MSX ពណ៌ស គ្មានស្លាកលេខ កំពុងជិះផ្ទុយគ្នាពីលិចមកកើត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុចអូរវ័រប្រេង ភូមិឬស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង២នាក់ទី១មានឈ្មោះ ធៀម ធានី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ និងទី២ឈ្មោះ ឈិន រំដោះ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់