បាត់ដំបងៈ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចក្រុមទី១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគ្រោងទុកជាមុនមួយបានកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យជាយុវជនម្នាក់ឈ្មោះ ភឹម សុធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងក្រុមទី២ ភូមិឃុំខាងលើ បានយក(ចបជីកដែក)វាយទៅលើជនរងគ្រោះជាបុរសវ័យចំណាស់ ឈ្មោះអ៊ីម ឆើយ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅចំណុចក្រុមទី១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ពេលធ្វើសកម្មភាព រួចជនសង្ស័យបានរត់គេចខ្លួនហើយភ្លាមៗនេះដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយ កម្លាំងនគរបាលស្រុកសង្កែ ធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួន ជនសង្ស័យបាននៅក្រោយពេលធ្វើសកម្មភាពបានប្រមាណជា៣ម៉ោង។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីក្នុងលំនៅដ្ឋាន៕
មតិយោបល់