Jeju Island កាលដើមឡើយមានឈ្មោះថា Cheju Island គឺជាកោះមួយស្ថិតនៅម្ដុំឆ្នេរភាគខាងត្បូងនៃកូរ៉េខាងត្បូង ត្រង់ច្រកសមុទ្រកូរ៉េ ភូមិភាគនិរតីនៃខេត្ដ Jeollanam-do ដែលជាដែនកោះមួយ មុនពេលបានក្លាយជាខេត្ដ នៅដាច់ឆ្ងាយពីគេនៅឆ្នាំ១៩៤៦ ហើយបានក្លាយជាខេត្ដស្វយ័តពិសេសតែមួយគត់ រយៈពេលចុងក្រោយថ្មីៗនេះ មានទីក្រុងឈ្មោះ Jeju City។
Jeju Island ក៏ត្រូវបានគេស្គាល់ផងដែរថា ជា “Island of the Gods” ជារមណីយដ្ឋានទេសចរណ៍ ដ៏មានប្រជាប្រិយភាពបំផុត សម្រាប់ប្រជាជនកូរ៉េ និងជនបរទេស។ កោះនេះ គឺជាកន្លែងក្រេបច័ន្ទទឹកឃ្មុំដ៏ល្បីល្បាញ សម្រាប់គូស្រករកូរ៉េថ្មីថ្មោង ដែលទើបរៀបការរួច ហើយក៏ត្រូវបានចាត់ទុកជាកន្លែងក្រេបទឹកឃ្មុំ ដ៏ល្បីមួយនៅក្នុងពិភពលោក ផងដែរ។ ទោះបីជាមានការប៉ុនប៉ងធ្វើជាទីផ្សារ កោះនេះថាជា “កោះហាវ៉ៃកូរ៉េ” ទាំងអាកាសធាតុទាំងភូមិសាស្ដ្រក៏ដោយ ក៏តំបន់នេះត្រូវបានគេទទួលស្គាល់ខ្លះដែរថា ដូចគ្នាទៅនឹងកោះហាវ៉ៃនៅអាមេរិកអីចឹង។ អ្នកទេសចរអាចលំហែកម្សាន្ដ ជាមួយសកម្មភាពជាច្រើន ដែលមាននៅលើកោះនេះ ដូចជា ដើរលេងនៅតាមដងបុព្វតា Halla-san (ភ្នំខ្ពស់បំផុតនៅកូរ៉េ) ឬតាមដងវិថី Olle-gil មើលព្រះទិន្នកររះ និងអស្ដង្គតនៅប៉ប្រះផ្ទៃសមុទ្រ ជិះសេះដើរលេង ទស្សនាភូមិស្ថានរបស់ប្រជាជននៅតំបន់នោះ ឬទម្រេតខ្លួនយកខ្យល់អាកាសបរិសុទ្ធនៅលើឆ្នេរខ្សាច់ ជាដើម។
ទោះបីទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដ៏សំខាន់នៅលើដែនកោះនេះក្ដី ប៉ុន្ដែក៏មានសណ្ឋាគារជាច្រើន និងរមណីយដ្ឋានទេសចរណ៍ដទៃទៀត ដំណើរការធ្វើអាជីវកម្មដោយក្រុមហ៊ុនមកពីដែនដីគោកទៅវិញ ដូច្នេះចំណូលភាគច្រើន មិនសូវបានធ្លាក់ចូលក្នុងសេដ្ឋកិច្ចប្រជាជននៅមូលដ្ឋាននោះប៉ុណ្ណោះទេ។ Jeju city មិនត្រឹមតែជាទីក្រុងកម្សាន្ដដ៏សម្បូណ៌បែបប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាទីក្រុងទាក់ទាញពាណិជ្ជកម្មផងដែរ។ ជាការចម្លែក វិស័យទាំងពីរនេះ បានរីកដុះដាលជាខ្លាំងនៅលើដី ដែលមានទឹកព័ទ្ធជុំវិញ ដោយនិន្នាការនេះ កាន់តែពង្រីកគំនិតតាមរយៈសារមន្ទីរសិច កញ្ចក់ និងខ្លាឃ្មុំតុកត្ដាដែលមាននៅទីនោះ។
វប្បធម៌ប្រពៃណីនៅតំបន់នោះ មានលក្ខណៈខុសប្លែកពីនៅដីគោក (នៃតំបន់អាស៊ីភាគច្រើន) ដោយសារកាន់លទ្ធិមាតាធិបតេយ្យ)។ ចាប់តាំងពីការងារសព្វសារពើ ភាគច្រើនរៀបចំចាត់ចែងធ្វើឡើងដោយស្ដ្រី រាប់បញ្ចូលទាំងការរៀបចំអាហារសមុទ្រនៅលើកោះនេះក្ដី។ សកម្មភាពទូទៅដែលអ្នកអាចមើលឃើញនៅឆ្នេរ Jeju គឺ “haenyo” ) “ស្ដ្រីហែលទឹកលេង” ជាទិដ្ឋភាពដែលបានក្លាយជាភាពទាក់ទាញនៅលើដែនកោះ។ ដោយឡែក អ្វីដែលអស្ចារ្យជាងគេទៀតនោះ គឺរូបសំណាក “dolhareubang” ) “រូបសំណាកអ្នកតា” កសាងពីថ្មបាសាលដ៏ធំ។ ជាងនេះទៅទៀត អ្នកនឹងឃើញរូបសំណាកទាំងនេះនៅខាងក្រៅភោជនីយដ្ឋាន បូករួមទាំងនៅតាមកន្លែងកម្សាន្ដនានាឯទៀតនៅទីនោះ។
Jeju ក៏ជាឈ្មោះទស្សនាវដ្ដីអង់គ្លេស Jeju Life ដ៏ល្បីមួយ ដែលរៀបចំបង្កើតឡើងដោយជនបរទេស ដែលរស់នៅលើដែនកោះនោះដែរ៕
https://i1272.photobucket.com/albums/y389/domneng/Tour/Jeju-Island-4_zps20689f73.jpg
https://i1272.photobucket.com/albums/y389/domneng/Tour/275428-meenakshi-temple-madurai-india_zps20470f8e.jpg
https://i1272.photobucket.com/albums/y389/domneng/Tour/Jeju-Island-2_zps27e2c4a4.jpg
https://i1272.photobucket.com/albums/y389/domneng/Tour/Jeju-Island-3_zpsc5d0b681.jpg
មតិយោបល់