ព័ត៌មានជាតិ

រថយន្តម៉ាក MITSUBISHI ពន្លះម៉ូតូស្មាស់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់យ៉ាងអាណោចអាធ័ម

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ទឹកប៊ិច ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2C-0072 បើកបរដោយឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានវ៉ាម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក SMAHS C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-4774 បើកបរដោយឈ្មោះ ពៅ លាងអេង អាយុ២៨ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ អេង លាង អ៊ី ភេទស្រី អាយុ២ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ) ។

ករណីខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តខាងលើបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ចំពោះអ្នកបើកបររថយន្តរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកនៅអធិការនគរបាលស្រុក​ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់