ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្ត បោះពួយ​យ៉ាង​លឿន​ ​​ធ្លាក់​ចេញពី​ផ្លូវ ហោះផ្លោង​ចូលក្នុង​ទឹក​បឹង​លិច​មួយ​កំណាត់ សំណាងល្អពុំបង្កឲ្យមានអ្នករបួស

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តគ្រឿងបើកលឿន រេចង្កូចធ្លាក់ផ្លូវ ហោះផ្លោង​ចូលក្នុង​ទឹក​បឹង​លិច​មួយ​កំណាត់រថយន្ត ដែលហេតុការណ៍នេះ កើតទ្បើងវេលា​ម៉ោង១១ និង៤៥នាទី​យប់​ថ្ងៃទី១៨ ខែ​វិច្ឆិកា​ឆ្នាំ២០១៨នៅក្នុង​ភូមិ​ចុង​បឹង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាន​ណូយ​កែង​និង​ផ្លូវ​កប់​ស្រូវ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្តមួយគ្រឿង ​ម៉ាក​TACOMA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-2309 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​បើកបរបុរសជាប្ដី រួមដំណើរជាមួយ​ប្រពន្ធ​​ ​និង​កូនតូច​ម្នាក់ទៀត មកដល់​ចំណុចកើតហេតុ​ ស្រាប់រេចង្កូចធ្លាក់​​ផ្លូវ ហោះ​ចូល​ក្នុងទឹក​បឹង​លិច​មួយ​កំណាត់ទៅ​មុខលែងរួច ​សំណាងល្អ​ពុំមាននរណាម្នាក់​រងរបួស​ទ្បើយ។

តាមសម្តីប្រពន្ធ​រងគ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹងថា ​​បីនាក់​ប្តីប្រពន្ធ​និង​កូនតូចគាត់ ​បានបើករថយន្តចេញ​ពី​ខួបកំណើត​បងប្អូន​ នៅ​ម្ដុំ​ផ្សារ​ដី​ហុយ បំណង​ត្រឡប់ទៅផ្ទះ​វិញ​ នៅឯ​ជិត​ផ្សារ​ឧដ្ដុង្គ ខណៈដែលប្តី​របស់គាត់ជា​អ្នកបើកបរ ក្នុងស្ថានភាព​ស្រវឹង​ផង​ ទើបបណ្ដាលឲ្យជួបគ្រោះថ្នាក់បែបនេះ៕

មតិយោបល់