ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ទៅដល់មនុស្សម្នាក់នៅប្រទេសបារាំង ដែលបានបង្ហោះរូបភាពបង្ហាញពីទឹកភ្លៀងលិចរាជធានីភ្នំពេញ ខណៈដែលមិនព្រមបង្ហោះរូបភាពទឹកជន់លិចនៅទីក្រុងប៉ារីស។
សម្តេចតេជោបានបញ្ជាក់ថា រឿងទឹកជន់លិចមិនមែនមានតែភ្នំពេញទេ នៅបាងកក នៅមេនីឡា នៅប៉ារីសក៏លិចដែរ។ សម្តេចតេជោ បញ្ជាក់ថា ការលិចនេះ ដោយសារលូរំដោះទឹកមិនទាន់ ហើយទឹកទន្លេ ក៏រំដោះមិនទាន់ដែរ ដោយសារចំណុះទឹកនៅលើទទួលមិនអស់ក៏ធ្វើឲ្យលិច។
បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបង្ហាញអ្នកបង្ហោះនោះក៏ដោយ តែត្រូវបានគេដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះអំពីទឹកលិចទីក្រុងភ្នំពេញ ខណៈភ្លៀងកំពុងធ្លាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ថា មើលឃើញតែចំណុចអវិជ្ជមាន មិនព្រមមើលឃើញពីចំណុចវិជ្ជមានរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោបន្តថា បើខ្លាំងធ្វើឲ្យស្មើភាពគ្នា កុំបង្ហោះតែរូបភាពទឹកលិច បង្ហោះរូបអគារខ្ពស់ៗផង។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់បែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៦៕
មតិយោបល់