ព័ត៌មានជាតិ

ជីដូនមិនប្រយ័ត្នទុកចៅស្រីក្បែរមាត់បឹង លង់ស្លាប់គួរឲ្យអាសូរ

ព្រៃវែងៈ ​អនិច្ចាក្មេងស្រី​មិនទាន់ដឹងក្តី ត្រូវ​មច្ចុរាជឆក់យកជីវិត ខណៈ​ជីដូន​មិនប្រយ័ត្ន ទុកចៅស្រីក្បែរមាត់ទឹក ស្រាប់​តែធ្លាក់ចូល​​ក្នុង​បឹងទឹក​​ស្លាប់គួរឲ្យអាសូរ កាល​ពី​វេលាម៉ោង៣និង៣៥​នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ​នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភព​ឲ្យដឹងថា ហេតុការណ៍​ខាងលើនេះ​ បាន​កើតឡើង​ ខណៈក្មេងស្រីរងគ្រោះ ឈ្មោះ​ ស្រី ណាក់ អាយុ៤ឆ្នាំ​ ​រស់នៅ​ជាមួយជីដូន ដោយ​ម្តាយឪពុកទៅធ្វើការរោងចក្រនៅឯទីក្រុងភ្នំពេញ ទុក​ឲ្យជីដូនមើលថែ​។

ប្រភព​បន្តថា ​នៅ​ថ្ងៃ​កើត​ហេតុ ជីដូននិងចៅ បាន​នាំ​គ្នា​ទៅ​​ចូកចកយកឲ្យត្រីស៊ី​ រួចត្រឡប់មកដល់ផ្ទះវិញ យកចកមកដាក់មាត់បឹង ក៏ទុកចៅ និងទៃចកនៅក្បែរនោះ​ រួច​ក៏បណ្តើរ​ម៉ូតូយកមកទុកនៅ​ផ្ទះវិញ។ ចំណែកឯ ចៅនៅ​ទីនោះ ក៏ជិះទៃច្រកចករអិលធ្លាក់ចុះក្នុងបុង ជីដូនមកដល់មិនឃើញចៅ​ ក៏ស្រែកឆោឡោ ហៅអ្នកស្រុកឲ្យជួយផង ​ចៅខ្ញុំធ្លាក់ចូល​ទឹក​ហើយ ​​ស្រាប់​តែបង្កការ​ភ្ញាក់​ផ្អើលអ្នកជិតខាងនាំគ្នាចុះក្នុងទឹកបុង​ ខ្លះយកអួនមកអូស ដើម្បីរកកុមារីដែលបានធ្លាក់​ទឹកបុង ​ក្រោយ​មក​ក៏រកឃើញនៅ​បាតបុងជម្រៅ​៤ម៉ែត្រ ​ហើយ​យកក្មេងស្រី​រងគ្រោះ​មកផ្ទះដុះលាងសំអាតដីប្រឡាក់ខ្លួន រួច​បញ្ជូន​ក្មេងរងគ្រោះ​ទៅសង្គ្រោះនៅ​មន្ទីរពេទ្យឯកជនស្វាយអន្ទរ តែជាអកុសល ក្មេងរងគ្រោះ​ផុតដង្ហើម​ទៅហើយ។

បច្ចុប្បន្ន​ សពក្មេងរងគ្រោះ​ត្រូវ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕​

មតិយោបល់