បារាំងៈ ក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានលត់អ៊ីស្លង់យ៉ាងចាស់ដៃ ដោយលទ្ធផល ៥ទល់និង២ ដើម្បីកក់កៅអីមួយទៅប៉ះអាឡឺម៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ EURO 2016។
ការប្រកួតនៅកីឡដ្ឋាន Stade de France ចាប់ផ្តើមបានតែ១៣នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធ Olivier Giroud បានស៊ុតគ្រាប់បាល់នាំមុខឲ្យម្ចាស់ផ្ទះបានសម្រេច ក្រោយទទួលការបញ្ជូនបាល់ដ៏ល្អពី Blaise Matuidi។ នៅនាទីទី១៩ កីឡាករ Antoine Griezmann បានលើកបាល់ជ្រុងយ៉ាងស្អាតឲ្យ Paul Pogba តែតបានមួយគ្រាប់ទៀត។
ឈានដល់នាទីទី៤៣ Dimitri Payet បានស៊ុតបាល់ពីក្រៅប្រអប់បានមួយគ្រាប់ទៀត។ មុនកញ្ជែបញ្ចប់ការប្រកួត Antoine Griezmann បន្ថែមបាន១គ្រាប់ទៀត។ ចប់វគ្គទី១ បារាំង នាំមុខ អ៊ីស្លង់ ៤-០។
ការប្រកួតឈានដល់វគ្គទី២នាទីទី៥៦ កីឡាករ Kolbeinn Sigthorsson វាយបកបាន១គ្រាប់វិញឲ្យក្រុមភ្ញៀវ មុនពេល Olivier Giroud សងវិញបាន១គ្រាប់នៅនាទីទី៥៩។ សល់តែ៦នាទីទៀតបញ្ចប់ការប្រកួត កីឡាករ Birkir Bjarnason បានស៊ុតគ្រាប់បាល់ទី២ ឲ្យអ៊ីស្លង់បានសម្រេច។ ចប់ការប្រកួត បារាំង ឈ្នះ អ៊ីស្លង់ ៥-២។
សរុបលទ្ធផល ក្រោយបញ្ចប់វគ្គ៨ក្រុមនេះ ព័រទុយហ្គាល់ នឹងប៉ះ វែល នៅថ្ងៃទី៦ កក្កដា ចំណែក បារាំង នឹងប៉ះ អាឡឺម៉ង់ នៅថ្ងៃបន្ទាប់ ដើម្បីយក២ក្រុមទៅប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទ្វីបមួយនេះ៕
មតិយោបល់