កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤២នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ស្លាកលេខ កំពង់ចាម 3A-5827 (ដឹកអ្នកដំណើរ៣៥កៅអី) បើកបរដោយឈ្មោះ ង៉ែត វុធ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរឈ្លើយ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍) បានបុកម៉ូតូម៉ាកគុប៥០ ពណ៌ទឹកប៊ិច ស្លាកលេខ កំពង់ធំ 1E-4331 បើកបរដោយឈ្មោះ នុត ភួន ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់