ភ្នំពេញៈ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីចោរចូលលួចកាច់សោ.កម៉ូតូគ្រឿង នៅតូបយាមមុខច្រកចូលបុរីតាង៉ូវ ភូមិអូរអណ្ដូងមួយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជា សាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខយាមបុរីតាង៉ូវ ស្នាក់នៅភូមិតាង៉ូវកណ្ដាលសង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ម៉ូតូដែលត្រូវបានចោរលួចម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង1K-8392។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះPassApp ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ។
ហើយនៅវេលាម៉ោង៥និង២០នាទីទាបភ្លឺថ្ងៃខែដដែលនោះ មានករណីវាយប្លន់យកម៉ូតូបានសម្រេច នៅមុខអាស្រមវិមាននាគរត័វង្គត់បុរី លើកំណាត់ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈដែលមានប្រុសស្រីមួយក្រុម ជិះម៉ូតូត្រឡប់មកពីដើរលេងបុណ្យអុំទូកវិញ ត្រូវបានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ចេញអន្តរាគមន៍ឡើយ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនិរោធ តែសមត្ថកិច្ចប៉ុស្តិ៍និរោធបានប្រាប់ឲ្យជនរងគ្រោះទាំងនោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រាវិញ ទើបជនរងគ្រោះក៏បានជិះម៉ូតូចេញទៅបាត់អស់៕
មតិយោបល់