ភ្នំពេញៈ ការសម្ដែងយប់ដំបូងរបស់តារាចម្រៀងមួយក្រុម ដែលរួមមានកញ្ញា វ៉ាន់ នីឡា និងលោកអាន គុនកូឡាផងនោះ ត្រូវបានលោកអេឡិច ចន្ត្រា អះអាងថា ទទួលជោគជ័យយ៉ាងសម្បើម ដោយការសម្ដែងក្នុងយប់ដំបូងកាលពីថ្ងៃទី៩ កក្កដា ម៉ោងនៅប្រទេសអូស្រ្តាលី គឺមិនមានកន្លែងឲ្យភ្ញៀវអង្គុយទស្សនានោះផង។ ពលរដ្ឋខ្មែរនៅគ្រប់ទិសទីក្នុងរដ្ឋមេលប៊ន ដោយរួមមានអ្នកនាងយ៉ាន លីនដា និងប្ដីប្រពន្ធលោកស៊ុក សុភា ផង ក៏បានបង្ហាញវត្តមានទិញសំបុត្រទស្សនា។
លោកអេឡិច ចន្ត្រា ថា ការសម្ដែងក្នុងយប់បើកឆាករបស់ក្រុមខ្លួនមានអ្នកទស្សនាកកកុញ បន្ទាប់ពីសំបុត្រសម្រាប់ទទួលត្រូវអស់ ហើយភ្ញៀវនៅតែសុខចិត្តអង្គុយក្នុងតុថែម និងសុខចិត្តចូលមើលក្នុងពេលមិនមានកន្លែងអង្គុយ។ លោកថាការសម្ដែងរបស់តារាសិល្បៈដែលបានឡើងទៅពីកម្ពុជាទាំង៥នឹងបន្តក្នុងរដ្ឋអាដឺឡែន និងរដ្ឋស៊ីដនីទៀត ដោយលោករំពឹងថា ការសម្ដែងលើកទី២ និងលើកទី៣សម្រាប់គម្រោងរបស់ខ្លួនគឺនឹងមានអ្នកទស្សនាច្រើនមិនចាញ់យប់ទី១។ តារាសិល្បៈរួមមានលោកអេឡិច ចន្ត្រា កញ្ញា វ៉ាន់ នីឡា កញ្ញាអេមមី កញ្ញាធីតា និងលោកអាន គុនកូឡា សុទ្ធតែបានបកស្រាយបទចម្រៀងជាលក្ខណៈប្រពៃណីជាតិ និងបានជ្រើសរើសបទជាចង្វាក់ខ្មែរដែលអាចឲ្យអ្នកទស្សនារាំរែកបាន។ កញ្ញា វ៉ាន់ នីឡា ត្រូវគេឃើញតុបតែងដោយស្លៀកសំលៀកបំពាក់បែបខ្មែរស្រគត់ស្រគំរំលេចសម្រស់ នៅក្នុងវេទិកាប្រគំតន្ត្រីក្នុងយប់ដំបូងនោះផង។
លោកអេឡិច ចន្ត្រា បញ្ជាក់ថា លោកនឹងក្រុមការងារ ជាពិសេសជាមួយកញ្ញា វ៉ាន់ នីឡា តែម្ដង បានទទួលការគាំទ្រច្រើនពីអ្នកចូលទស្សនា ដោយពួកលោកក្រៅពីច្រៀងបទមនោសញ្ចេតបែបខ្មែរ និងបទចង្វាក់រាំវង់ ក្រុមតារាចម្រៀងទាំង៥ ក៏បានជ្រើសបទប្រភេទបរទេសដូចជាចង្វាក់រ៉ុក ចង្វាក់ម៉ាឌីហ្សូន និងចង្វាក់ដែលអាចរាំបានយកមកបកស្រាយផងដែរ ដើម្បីឲ្យអ្នកទិញសំបុត្របានសប្បាយ។ លោកថាការសម្ដែងលើកក្រោយៗតារាសិល្បៈទាំង៥ នឹងមានឈុតឆាកប្លែករួមបញ្ចូល ដោយលោក បានត្រៀមរួចហើយនូវឈុតសម្ដែងដកស្រង់ពីរឿងទុំទាវ និងរឿងម៉ាក់ថឺង ក្នុងបំណងបង្ហាញនូវវប្បធម៌ខ្មែរសម្រាប់ការប្រគំតន្ត្រីលើកក្រោយៗ។ លោកមានជំនឿចិត្តខ្ពស់ថា៥សប្ដាហ៍នៅលើទឹកដីអូស្រ្តាលី នឹងធ្វើឲ្យលោក ក៏ដូចជាតារារួមក្រុមទទួលបានការគាំទ្រខ្ពស់។
អ្នកនាង សារីនណា ភរិយារបស់លោកស៊ុក សុភា បានអះអាងបងប្អូនខ្មែររស់នៅប្រទេសអូស្រ្តាលីមានការគាំទ្រចំពោះតារាទាំង៥យ៉ាងខ្លាំង ជាពិសេសគឺខ្មែរទាំងនោះចង់លើកទឹកចិត្តដល់កញ្ញាវ៉ាន់ នីឡា ក្នុងពេលដែលនាងទើបតែមានរឿងអាក្រក់។ អ្នកនាងថាបងប្អូនខ្មែរទាំងនោះ គ្រាន់ដឹងថាវ៉ាន់ នីឡា ឡើងមកបានម្នាក់ៗបានកក់សំបុត្ររហូតដល់ជាង១០តុ តាំងពីការប្រគំតន្ត្រីលើកទី១មិនទាន់ដល់ថ្ងៃ៕
មតិយោបល់