ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងជោក បើកអូប័រទៅចូលរួមពិធីឡើងផ្ទះកូន បែរជាក្រឡាប់អូប័រលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កោះកុងៈ ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកស្លាប់ ដោយមានអូប័រមួយគ្រឿងក្រឡាប់រសាត់តាមទឹក បង្កការភ្ញាក់ផ្អើលនៅម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចកោះកុង ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

សាកសពជនរងគ្រោះមានឈ្មោះ លឿប ញ៉ឹប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាអ្នកនេសាទ បានផឹកស្រាស្រវឹង និងបាននិយាយប្រាប់អ្នកភូមិថា ទៅចូលរួមឡើងផ្ទះកូននៅភូមិព្រែកអង្គុញ ពេលនោះដោយសារឃើញស្រវឹងពេកអ្នកភូមិក៏ឃាត់កុំឲ្យទៅ តែជនរងគ្រោះមិនស្តាប់បានបើកអូប័រដែលមានម៉ាស៊ីនកន្ទុយវែងចេញទៅហើយក៏បាត់រហូតមិនឃើញមកវិញ លុះមួយថ្ងៃក្រោយមកគេឃើញសំបកអូប័រអណ្តែតលើទឹក ដោយគ្មានម្ចាស់ទើបដឹងដល់គ្រួសារមកមើលក៏ច្បាស់ថាជាអូប័ររបស់ជនរងគ្រោះ ហើយសង្ស័យក៏បានមុជទឹករាវរក អស់រយៈពេល១ថ្ងៃបន្ថែមទៀតប្រទះឃើញសាកសពអណ្តែតទឹក។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យបានឲ្យដឹងថា សពជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រា ហើយបើកអូប័រក្រឡាប់ធ្លាក់ទឹក ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់