(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នកទាំងឡាយដែលចង់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ខណៈហ្វីលីពីនកំពុងតស៊ូប្រយុទ្ធជាមួយការកើនឡើងករណីឆ្លង COVID-19 បង្កឡើងដោយវីរុសបម្លែងថ្មី Delta។
នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធម្សិលមិញ លោក Duterte បានបញ្ជាឱ្យមន្ត្រីសុខាភិបាលហ្វីលីពីនចាក់វ៉ាក់សាំងឱ្យតែអ្នកចង់ចាក់តែប៉ុណ្ណោះ ហើយបទបញ្ជានេះធ្វើឡើងចំពេលប្រជាជនហ្វីលីពីនរាប់លាននាក់នៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។
បើតាមលោក Duterte អ្នកដែលមិនចង់ចាក់វ៉ាក់សាំងគួរតែនៅក្នុងផ្ទះកុំចេញក្រៅ។ «ខ្ញុំកំពុងប្រាប់អ្នកទាំងអស់គ្នា កុំចេញពីផ្ទះរបស់ះអ្នក។ បើអ្នកចេញក្រៅ ខ្ញុំនឹង ប្រាប់ឱ្យប៉ូលិសនាំអ្នកត្រឡប់ទៅផ្ទះវិញ ពីព្រោះអ្នកកំពុងដើរចម្លងជំងឺដល់អ្នកផ្សេង។ ប្រសិន អ្នកមិនចង់ជួយប្រទេសមួយនេះដោយការចាក់វ៉ាក់សាំង ដូច្នេះអ្នកកុំចេញពីផ្ទះ »។ នេះជាការលើកឡើងរបស់លោក Duterte។
មកទល់នឹងពេលនេះ ហ្វីលីពីនសម្រេចបានការចាក់វ៉ាក់សាំងពេញលេញ ឬ២ដូស ជូនប្រជាជនបានត្រឹមតែ ៦ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប១១០លាននាក់ ហើយរដ្ឋាភិបាលរបស់លោក Duterte មានគោលដៅចាក់វ៉ាក់សាំងគ្រប់ដូសជូនប្រជាជនឱ្យបាន៧០លាននាក់ នៅមុនដំណាច់ឆ្នាំ២០២១នេះ៕
ប្រភព៖ Reuters
មតិយោបល់