ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញនេះបានឲ្យដឹងថា កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណ ប្រតិបត្តិការទៅឲ្យ ក្រុមហ៊ុនថ្មីចំនួន ២.២២៣ ក្រុមហ៊ុន នៅរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០១៣ ដោយបានធ្លាក់ចុះ ១៤,៦ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានរហូតដល់ ២.៦០៦ ក្រុមហ៊ុន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយថា ចាប់ពីខែមករារហូតដល់ខែកញ្ញា ឆ្នាំ ២០១៣ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានទទួលចុះបញ្ជីក្រុមហ៊ុនបរទេស ចំនួន ១.១១៨ ក្រុមហ៊ុន ដែលចំនួននេះបានធ្លាក់ចុះ ៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន និងក្រុមហ៊ុនរបស់កម្ពុជាខ្លួនឯងជាអ្នកដំណើរការ បានចុះបញ្ជីចំនួន ១.១០៥ ក្រុមហ៊ុន ធ្លាក់ចុះ ២០ភាគរយពី ឆ្នាំមុនដូចគ្នា។
បើតាមការអះអាងរបស់លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិ និងផែនការរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការធ្លាក់ចុះនៃពាណិជ្ជកម្មនេះ គឺបណ្តាលមក ពីច្បាប់រឹងបន្តឹងផ្នែកពាណិជ្ជកម្ម នេះត្រូវបានដាក់ចេញ ហើយជាពិសេសនោះ គឺជម្លោះនយោបាយ ដែលបានកើតមានឡើងបន្ទាប់ ពីការបោះឆ្នោតកាលពី ចុងខែកក្កដា កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបរទេស ដែលមកវិនិយោគនៅកម្ពុជា ភាគច្រើនកាន់កាប់ ដោយជនជាតិចិន កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងវៀតណាមជាដើម ហើយពួកគេទាំង រកស៊ីទៅលើផ្នែក វាយនភណ្ឌកាត់ដេរ ស្បែកជើង កសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ និងសំណង់ជាដើម៕
មតិយោបល់