ភ្នំពេញៈ រថយន្តយីឌុបដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកបរល្បឿនលឿន វ៉ាក់អើជាមួយរថយន្តមួយគ្រឿងផ្សេងទៀតបើកចេញ ព្យាយាមគេចជ្រុលរេចង្កូតទៅកៀរម៉ូតូ រួចទៅបុកបង្គោលភ្លើងបាក់រលំហើយបុកចូលផ្ទះអ្នកលក់ដូរបាក់រលំខ្ទេចមួយចំហៀង គៀបជាប់អ្នកបើកបរក្នុងកាប៊ីន ទៅមុខលែងរួច បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ បង្គោលភ្លើងសង្កត់លើរថយន្តលើផ្ទះ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ កែងផ្លូវបេតុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកស៊ីម៉ង់ត៍ខាងលើ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4324 បើកតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តកុងតៃន័រ មួយគ្រឿងផ្សេងទៀត បើកតាមផ្លូវបេតុង ពីកើតទៅលិច ឆ្លងផ្លូវទំនប់កប់ស្រូវ បត់ឆ្ពោះទៅត្បូង ធ្វើឲ្យរថយន្តដឹកស៊ីម៉ង់ត៍ ព្យាយាមគេចទៅស្តាំ កៀរម៉ូតូស្មាស់កំពុងឈប់រង់ចាំឆ្លងផ្លូវ ពាក់ស្លាកលេខ ភ្នំពេញ 1AH-3941 ដួលច្រង៉ាង រងរបួសធ្ងន់ ហើយរថយន្តជ្រុលទៅបុកបង្គោលភ្លើងរដ្ឋ បាក់រលំ ហើយបុកចូលផ្ទះ អ្នកលក់ដូរ រលំមួយចំហៀង សង្កត់បង្គោលភ្លើងលើរថយន្ត លើផ្ទះ គៀបជាប់អ្នកបើកបរក្នុងរថយន្ត ។
ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះម្នាក់ជាអ្នកបើកបរ ម៉ូតូ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកជនរងគ្រោះ ជាអ្នកបើកបររថយន្ត នៅគៀបជាប់ជើងចេញពុំរួច ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ ពុះ វះ ទាញ យកជនរងគ្រោះចេញពីគំនរបាក់បែក ដើម្បីដឹកបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងស្ថានភាពរបួសជើង និងបែកក្បាលធ្ងន់ ។
ដោយឡែករថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ផលប៉ះពាល់ ទ្រព្យសម្បត្តិរដ្ឋ និងប្រជាពលរដ្ឋ រួចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់