បន្ទាយមានជ័យៈ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង២និង៣៧នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សេង ពិសី និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វ៉ាន់ រំដួល ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានអោយដឹងថា ៖ នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង ០០នាទី ជនសង្ស័យបានប្រើហិង្សាមកលើប្អូនប្រុសរបស់ខ្លួន បន្ទាប់មកជនសង្ស័យបានមកវាយខ្លួនទៀត ហើយខ្លួនក៏បានវ៉ៃជនសង្ស័យវិញ ពេលនោះជនសង្ស័យក៏បានរត់ចេញពីកន្លែងកើតហេតុ ខ្លួន និងប្អូនប្រុសក៏បានជិះម៉ូតូចេញ ស្រាប់តែជនសង្ស័យរត់មកស្ទាក់ពីមុខម៉ូតូរបស់ខ្លួន ដោយដៃរបស់ជនសង្ស័យមានកាន់កាំបិតតាំងតោ ហើយបានកាប់មកលើខ្លួនបណ្តាលអោយរងរបួសជាច្រើនកន្លែងរួមមាន ៖ -រងរបួសត្រង់ចំណុចពីលើក្បាល ប្រវែង ១២ស.ម -របួសចំហៀងក្បាលលើស្លឹកត្រចៀកខាងឆ្វេងប្រវែង ១០ស.ម -របួសត្រង់ស្មារខាងឆ្វេង ប្រវែង ១០ស.ម -របួសត្រង់ដើមទ្រូងខាងស្តាំ ប្រវែង ២០ស.ម -របួសត្រង់ប្រអប់ដៃខាងឆ្វេង ប្រវែង ១០ស.ម -របួសត្រង់បបូរមាត់ ប្រវែង ៥ស.ម និងបាក់ធ្មេញចំនួន២។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានប្រើហឹង្សា កាប់ទៅលើជនរងគ្រោះដោយប្រើកាំបិតតាំងតោ ពិតប្រាកដមែន ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់