ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ស្លាកលេខនគរបាល 2-1905 ពន្លះបង្គោលភ្លើងស្តុបចរាចរណ៍ បណ្តាលឲ្យរងរបួស២នាក់

ភ្នំពេញៈ មនុស្សប្រុសស្រីមួយក្រុម មានគ្នាប្រមាណជា៦នាក់ បើករថយន្តហាយឡែនឌ័រ ស្លាកលេខនគរបាលមួយគ្រឿង បោះពួយទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុស២នាក់ រងរបួសបែកមុខ និងក្បាល ហូរឈាមស្រោចពេញខ្លួន។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខខាងស្តាំយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមុនស្សប្រុសស្រីមួយក្រុម មានគ្នាប្រមាណជា៦នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1905 ធ្វើដំណើទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ៥១ បានរេចង្កូតទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍លាន់រន្ទះបណ្តាលឲ្យមនុស្សប្រុស២នាក់អង្គុយនៅខាងមុខរងរបួសបែកមុខ និងបែកក្បាលត្រូវបានឡើងជិះរថយន្តសង្រោះទៅសង្គ្រោះភ្លាមៗម្នាក់ និងម្នាក់ទៀតបានឡើងជិះម៉ូតូកង់បីឥណ្ឌាទៅសង្គ្រោះដោយខ្លួនឯង។ រីឯអ្នករួមដំណើរជាមួយគេចខ្លួនចេញពីកន្លែងកើតបាត់អស់។ ចំណែកបង្គោលភ្លើងស្តុបរងការខូចខាតតិចតួច។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្កូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់