ព័ត៌មានជាតិ

ឆ្កែខាំគ្នាសោះ! ម្ចាស់ឆ្កែ​​ស្រែកជេរដៀមដាម ត្រូវមួយចបជីកឈាមហូរស្រោចពេញខ្លួន..!

​សៀមរាបៈ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ភូមិតាគង់ សង្កាត់ សំបួរ ក្រុង/ខេត្តសៀមរាប មានករណីហិង្សាមានស្ថានទម្ងន់ទោស(វាយនិងចបជីក)។

បង្កឡើងដោយជនសង្ស័យម្នាក់ ភេទប្រុស បានធ្វើសកម្ម ភាពវាយទៅលើជនរងគ្រោះឈ្មោះល-ណ-រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្បែរគ្នា ចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមគ្រួសារយកទៅ ព្យាបាល នៅរាជធានីភ្នំពេញ មកទាល់ពេលនេះមិនទាន់ដឹងខ្លួននោះទេ។

បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីសមាជិកក្រុមគ្រួសារជនរងគ្រោះ នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨វេលា ម៉ោង៧:០០នាទីព្រឹក នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដោយមានការចូលរួមសហការពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបួរ និងដោយមានការចង្អុលបង្ហាញ ពី លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នគរបាលក្រុងសៀមរាប សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ​ម្នាក់មកធ្វើការសាកសួរ​បំភ្លឺ ។

ជនសង្ស័យ ឈ្មោះ ខៀវ វីរះបុត្រ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ​ រស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុង/ខេត្តសៀមរាប បានសារភាពថាខ្លួនពិតជាធ្វើ សកម្មភាពប្រើប្រាស់ ចបជីកវាយចំក្បាលជនរងគ្រោះពិតមែន ដោយ មូលហេតុ ឃើញជនរងគ្រោះវាយឪពុកខ្លួនឈ្មោះខៀវ វ៉ាន់ថុននិងបំពង់ទីបអ៊ីណុកមិនអាច តដៃបានទើប ខ្លួនចូលទៅជួយ​។ ហើយមូលហេតុ ឪពុកខ្លួននិងជនរងគ្រោះវាយប្រតាយប្រតប់គ្នានេះ គឺដោយសារ សត្វឆ្កែខាំគ្នាហើយ ម្ចាស់ឆ្កែ ម្ខាងទៀតដែលជាជនរងគ្រោះ បានស្រែកជេរដៀមដាម ក៏កើតជាទំនាស់ បែបនេះកើតឡើង។

យោងតាមការបំភ្លឺរបស់សាក្សី និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំង វត្ថុតាងដែលដកហូតបាន បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕​

មតិយោបល់