ភ្នំពេញៈ យោងតាមផេករបស់ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងម៉ោងពេលវេលាចូលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គេសង្កេតឃើញនៅតែមានរថយន្តប្រភេទធុនធំ បើកចូលក្រុងពេលរាត្រី ជាពិសេសខណ្ឌដង្កោគឺមានការលួចឆ្មក់បើកចូល១-២ ខុសនឹងម៉ោងកំណត់របស់សាលារាជធានីភ្នំពេញ ពិសេសនៅចំណុចស្ពានដែកចំការដូង ផ្លូវ៣៧១ព្រំប្រទល់ខណ្ឌមានជ័យនិងខណ្ឌដង្កោ ចំណុចផ្លូវ២១៧ស្តុបចំការដូង ចំណុចស្តុបបឹងតាម៉ាត ចំណុចពីទួលពង្រ បុកមកមុខវត្តសំបួរមាស ជាដើម។
ដូច្នេះសូមឲ្យអាជ្ញាធរជួយធ្វើការរឹតបន្តឹងទៅលើរថយន្តប្រភេទធុនធំទាំងនេះផង ព្រោះអាចបង្កជាការកកស្ទះ ខូចផ្លូវ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវផងដែរ៕
មតិយោបល់