ព័ត៌មានជាតិ

ក្រុមចោរលួចសម្ភារៈរបស់កងទ័ព ក្នុងវិទ្យាស្ថានទ័ពជើងគោក ចំនួន៣នាក់ជាប់ខ្នោះរបស់កងរាជអាវុធហត្ថ

កំពង់ស្ពឺៈ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម និងញឹកញាប់ចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច ធ្វើការបង្ក្រាបបានទាំងក្រុម កាលពីវេលាម៉ោង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវិទ្យាស្ថានទ័ពជើងគោក ក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ វឿន ធី ភេទប្រុស អាយុ២៥ឆ្នាំ, ទី២ឈ្មោះ វឿន ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ នូ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ
អ្នកទាំង៣ខាងលើរស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ខាងក្រោយវិទ្យាស្ថានទ័ពជើងគោក បានលបលួចគាស់ចូលធ្វើសកម្មភាពយកសម្ភារៈរបស់កងទ័ព រួមមាន អាគុយ និង ខ្សែភ្លើង ហើយសកម្មភាពលួចនេះបានលបលួចធ្វើសកម្មភាពបានសម្រេចជាច្រើនលើកមកហើយ និងបានយកទៅលក់ឲ្យអ្នកទិញអេតចាយ នៅផ្សារត្រែងត្រយឹង ។

ក្នុងនោះដែរ ដកហូតបានរួមមាន ធុងសម្រាប់ដាក់អាគុយ ចំនួន ៣ កាំបិតបុ័ងតោចំនួន១ ដែកគាស់ថ្នាំងអំពៅ ចំនួន១ដើម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅកាន់មន្ទីរយុត្តិធម៌កងរាជអាវុធហត្លខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់