ព័ត៌មានជាតិ

(ខ្សឹប) ប្រធានអគ្គនាយកដ្ឋានកាំកុងត្រូលលោក ម៉ក់ ពេជ្ជរិទ្ធ យកផ្ទះធ្វើប៊ុយរ៉ូ

លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ជាប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម ត្រូវមន្ត្រីក្រោមឱវាទជាច្រើននាក់បានខ្សឹបមកប្រាប់ នាយក្តាមប្រៃ យើងឱ្យដឹងថា លោកប្រធានរូបនេះបានកំពុងតែយកផ្ទះរបស់ខ្លួនដ៏ស្គឹមស្គៃ នៅរមណីយដ្ឋានជិតវត្តកៀនស្វាយក្រៅនោះជាប៊ុយរ៉ូធ្វើការ ដោយមានមន្ត្រីជំនិតបី បួននាក់ធ្វើការនៅទីនោះផងដែរ។

ក្រុមមន្ត្រីទាំងនោះនៅបានខ្សឹបឱ្យ នាយក្តាមប្រៃ យើងដឹងទៀតថា សព្វថ្ងៃនេះ នៅនាយកដ្ឋានកាំកុងត្រូលនេះមានលោក ម៉ក់ ពេជ្ជរិទ្ធ ជាប្រធានអគ្គនាយក តែវាហាក់ដូចជាគ្មានប្រធានអ៊ីចឹង ដោយសារតែលោកប្រធានរូបនេះ​ធ្វើការនៅឯផ្ទះច្រើនជាង​មកធ្វើការនៅប៊ុយរ៉ូ ដែលធ្វើឱ្យមន្ត្រីក្រោមឱវាទពិបាករាល់ការងារសម្រេចកិច្ចការចុះហត្ថលេខា លើលិខិតស្នាមផ្សេងៗ ដែល​ធ្វើឱ្យការងារមានការលំបាកនឹងយឺតយ៉ាវយ៉ាងខ្លាំង។

ក្រុមមន្ត្រីកាំកុងត្រូលដដែលនោះបានខ្សឹបប្រាប់ នាយក្តាមប្រៃ យើងឱ្យដឹងទៀតថា រាល់ឯកសារចាំបាច់មួយចំនួន ត្រូវមន្ត្រីថ្នាក់ក្រោមកាន់ដុហ្សេពីអគ្គនាយកដ្ឋានទៅឱ្យលោកម៉ក់ ពេជ្ជរិទ្ធ ស៊ីញ៉េ នៅផ្ទះចម្ងាយរាប់សិបគីឡូម៉ែត្រឯណ្ណោះ ។ ហើយពេលទៅដល់ បើគាត់នៅផ្ទះបានជួបស៊ីញ៉េលឿន តែបើទៅមិនជួបទេ គឺនៅរងចាំគាត់ ព្រោះគាត់ជាប់រវល់ដើរចរយាត្រានៅខាងក្រៅផ្ទះ។​

ក្រុមមន្ត្រីទាំងនោះនៅបានឱ្យនាយក្តាមប្រៃយើងដឹងទៀតថាក្នុងរយៈពេលកន្លងមកនេះមន្ត្រីនៅនាយកដ្ឋានកាំកុងត្រូលមិនមានសកម្មភាពមមាញឹកក្នុងការចុះពិនិតរកមើលទំនិញ ខូចគុណភាព ឬទំនិញហួសដឺឡេនោះទេ ទោះបីដឹងថា មួយរយៈនេះ ឃើញមានទំនិញមួយចំនួនធ្វើឱ្យប៉ះពាល់ដល់សុខភាពក្មេងៗមួយចំនួនបានពុលស្លាប់នឹងក្អួតរាករួសជាដើមនោះ។ នៅភ្នំពេញសកម្មភាពមន្ត្រីកាំកុងត្រូលហាក់ងាប់ត្រកៀកតែម្តង ដោយសារតែគ្មានបទបញ្ជាឱ្យចុះពិនិតពីសំណាក់លោក ម៉ក ពេជ្ជរិទ្ធ។ ពេលខ្លះគេឃើញមានមន្ត្រីនៃនាយកដ្ឋានកាំកុងត្រូលមួយក្រុមតូច ចុះពិនិតទំនិញតាមទីផ្សារ ដើម្បីថតផ្សព្វផ្សាយឱ្យថ្នាក់លើបានឃើញកុំឱ្យស្ងាត់ពេក។

ប្រភពពីមន្ត្រីដដែលបានប្រាប់ថា ពេលមន្ត្រីកាំកុងត្រួលចុះទៅពិនិតនោះ លោក ម៉ក់ ពេជ្ជរិទ្ធ មិនឱ្យគេដាក់ថាការចុះទៅនោះ ក្រោមការចង្អុលបង្ហាញពីរូបលោកនោះទេ។

ក្រុមមន្ត្រីកាំកុងត្រូល បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា នៅនាយកដ្ឋានកាំកុងត្រូលនេះ គឺកិច្ចការត្រូវបានជំនួយការផ្ទាល់នឹងជាមនុស្សជំនិតរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ជាអ្នកកាន់កាប់កិច្ចការរួម នឹងរាល់ការសម្រេចធំតូចត្រូវលោកប្រធានឱ្យ ជំនិតរូបនោះយកទៅឱ្យស៊ីញ៉េនៅផ្ទះ ជាហេតុធ្វើឱ្យកិច្ចការមួយចំនួយយឺតយ៉ាវ ដោយសារតែជំនួយការនោះចាំប្រមូលឯកសារបានច្រើនទើបយកទៅឱ្យលោកប្រធានស៊ីញ៉េម្តង ព្រោះតែផ្ទះលោកប្រធាននៅដល់កៀនស្វាយក្រៅឯណ្ណោះ។

ប្រភពដដែលបានខ្សឹបថា លោកប្រធានគាត់មិនមកកន្លែងធ្វើការ ហើយយកផ្ទះនៅកៀនស្វាយ​ធ្វើជាប៊ុយរ៉ូនោះ​មានរយៈពេលជិត២ឆ្នាំហើយ ដោយសារ​តែបញ្ហាផ្លូវជាតិលេខ១ គេស្ថាបនា ពិបាកជិះ នឹងខ្លាចខូចឡាន ខ្លាចប្រឡាក់ឡានរបស់គាត់។ អ៊ីចឹងហើយបានលោកប្រធាននៅតែផ្ទះនឹងឱ្យកូន​ចៅនឹងអ្នកផ្សេងៗត្រូវរត់រក​គាត់ស៊ីញ៉េដល់ៗផ្ទះតែម្តង៕


មតិយោបល់