ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជម្រាបជូនអំពីសមិទ្ធផល និងវឌ្ឍនភាព នៃកំណែទម្រង់ក្នុងវិស័យគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ជាពិសេសការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការដោះស្រាយបញ្ហាទាំងជម្លោះដីធ្លី ការលុបគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ការបន្ថយរយៈពេលវិនិយោគមកនៅត្រឹម៥០ឆ្នាំ និងការជំរុញការរៀបចំព្រៃឡង់ និងព្រៃមួយចំនួនទៀតឲ្យទៅជាតំបន់ការពារធម្មជាតិ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឲ្យនាយនាវី នាយនាវឹក និងពលនាវី-នាវឹកទាំងអស់ បង្កើនស្មារតីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ នៅក្នុងសមត្ថកិច្ចរបស់ខ្លួនឈរជើង និងការពារបូរណភាពដែនសមុទ្រ ក្នុងនាមជាឆ្មាំចាំយាម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើឡើងដូចនេះ ខណៈបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិក នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ម្សិលមិញនេះបន្ទាប់ពីបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់រួចមក។
គួរបញ្ជាក់ថា ក្នុងដំណើរជួបសំណេះសំណាល់នោះ លោករដ្ឋមន្រ្តីក៏បានចុះទៅពិនិត្យការងារជួសជុលនាវា ពិនិត្យសំណង់អគារការិយាល័យភស្តុភា និងទស្សនាគោលដៅសំខាន់ៗមួយចំនួនទៀតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកសមុទ្រ៕
មតិយោបល់