ព័ត៌មានជាតិ

រថយន្តដឹកមើមដំឡូងមី ពន្លះជាមួយរថយន្តស៊ាំយ៉ុងក្រឡាប់ របួសមន្ត្រីរាជការ និងអាជីវកចំនួន៤នាក់!..

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តបុកជាមួយរថយន្ត បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង១៩នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ០៦ មុខផ្ទះឈ្មោះហេង ចាន់ នៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-2739 (ដឹកមើមដំឡូងមី) បានបុកជាមួយរថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-5770 (ដឹកអ្នកដំណើរ)ដែលកំពុងឈប់លើទ្រូងផ្លូវ បើកបរដោយឈ្មោះ ហេង ជ្រុយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យរបួសធ្ងន់ និងមានអ្នករួមដំណើរ៣នាក់ រួមមាន៖
១-ឈ្មោះ ទូច ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ (មន្ត្រីរាជការ) នៅភូមិពោធិ៍បាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន(របួសស្រាល)។
២-ឈ្មោះ ឃុយ ម៉េងស្រៀង ភេទស្រី អាយុ៣២ឆ្នាំ (អាជីវក) នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន(របួសស្រាល)។
៣-ឈ្មោះ ឈ បៀងគង់ ភេទប្រុស អាយុ៦៥ឆ្នាំ (មន្ត្រីរាជការ) នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន(របួសស្រាល)។

ចំណែកមូលហេតុបឋម ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុង ឈប់លើទ្រូងផ្លូវខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ដឹកមើមដំឡូងមីបើកបរខ្វះការប្រុងប្រយ័ត្នទើបបុកគ្នាក្រឡាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់