កំពង់ស្ពឺៈ យោងតាមផេកហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៧នាទី មានព្រះសង្ឃមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បានមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថាមានចោរចូលគាស់ទ្វារកុដ្ឋលួចយកសម្ភារៈមានតម្លៃ និងប្រាក់រាប់សិបលានរៀល(ប្រាក់កឋិនទាន) ក្រោយពីទទួលពាក្យបណ្ដឹងជំនាញធ្វើការស្រាវជ្រាវ រហូតបំបែកសំណុំរឿង និងកំណត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែងតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ និងតម្រុយភិនភាគស្លាកស្នាមមួយចំនួន កត់សំគាល់ជនសង្ស័យជាដើមបណ្ដឹងតែម្ដងឈ្មោះ ម៉ន អឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ដែលបានប្រឌិតព័ត៌មាន និងបានរៀបចំភស្ដុតាងស្លាកស្នាមក្លែងបន្លំតែម្ដង ដោយបានយកប្រាក់អស់ចំនួន១៦០ ៥០០០០រៀល និងប្រាក់ដុល្លាចំនួន៩០០ដុល្លារ ហើយគប់កញ្ចក់ទ្វារឲ្យបែកគាស់ទ្វារដែក។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនីទោ សម សាមួន ស្នងការនគរបាលខេត្តបានចុះធ្វើការស្រាវជ្រាវបន្ថែមរហូតធ្វើឲ្យជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្ដដោយខ្លួនឯងពិតប្រាកដមែន(ផ្ទាល់ព្រះអង្គ)។
បច្ចុប្បន្នមុខសញ្ញាខាងលើជំនាញបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាម នីតិវិធី៕
មតិយោបល់