ភ្នំពេញៈ ក្មេងប្រុស ស្រីតូចៗពីរនាក់បានរងរបួសស្រាល ខណៈពេលដែលឪពុករបស់ពួកគេដឹកតាមម៉ូតូទៅសាលារៀនភាសាអង់គ្លេស ហើយត្រូវរថយន្តតាក់ស៊ីមួយគ្រឿងដែលបើកបរខ្វះការប្រុងប្រយ័ត្នបុកពីក្រោយពេញទំហឹងនោះ។
ករណីគ្រឿថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅខាងមុខប៉ុស្តិ៍នគរបាលចាក់អង្រែលើ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីបាលបានប្រាប់ឲ្យដឹងថា ក្មេងប្រុសស្រី ដែលរងគ្រោះទាំងពីរនាក់បងប្អូនមានទី១-ឈ្មោះ ខែម ពេជ្របរម៉ី ភេទស្រី អាយុ៦ឆ្នាំ ទី២-ឈ្មោះ ខែម សុវណ្ណរិទ្ធីស័ក្ក ភេទប្រុស អាយុ ៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៧៦ ក្នុងភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ខណៈពេលដែលបុរសម្នាក់ជាឪពុកឌុបពួកគេទៅរៀនភាសាអង់គ្លេសតាមម៉ូតូម៉ាក វីវ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១W-១០៦៧ មួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើងនោះ ក៏ស្រាប់តែមានរថយន្តតាក់ស៊ីនម៉ាក កាម៉ារីឆ្លាម ព៌ណខ្មៅ ពាក់ស្លាកលេខភ្នមពេញ២U-១៣១៦ មួយគ្រឿងបើកបរដោយបុរសម្នាក់រវល់តែឱនទាញកៅអីនោះ ក៏បានទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យពួកគេទាំងពីរនាក់បងប្អូនរងរបួសរលាត់ដៃ ជើង រងរបួសស្រាល ចំណែកឯម៉ូតូបាក់អស់មួយកំណាត់ខាងក្រោមរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ក្មេងប្រុស ស្រី រងគ្រោះទាំងពីរនាក់បងប្អូនត្រូវបានបុរសជាឪពុកបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ចំណែកឯរថយន្តតាក់ស៊ីបង្ក និងម៉ូតូរងគ្រោះ ត្រូវបានកម្លាំងមានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕




មតិយោបល់