ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា អំពាវឲ្យបន្តការពារព្រៃឈើ

ភ្នំពេញៈ ក្រៅពីប្រើប្រព័ន្ធហ្វេសប៊ុក ថ្លែងអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលគាំទ្រនាង ក្នុងសកម្មភាពចុះដាំដើមឈើនៅអារ៉ែង ត្រង់ខេត្តកំពង់ស្ពឺ តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ក៏បានអំពាវនាវឲ្យបន្តជួយលៃបញ្ហានេះផងដែរ។ នាងបានសរសេរថា «អរគុណទៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានសរសើរនាងខ្ញុំ ចំពោះសកម្មភាពដាំដើមឈើ និងបំបួសកូនឈើ»

មាស សុខសោភា បន្ថែមថា «ពិតណាស់ ក្នុងនាមជាពលរដ្ធម្នាក់ ដែលចូលចិត្តធម្មជាតិ អ្វីដែលនាងខ្ញុំអាចធ្វើបាន គឺការដាំដើមឈើ ដូចេ្នះ នាងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តថែរក្សា និងដាំបន្ថែម ដើម្បីអនាគតយើង និងកូនចៅយើងនាពេលខាងមុខ។ យើងទាំងអស់គ្នាបានដឹងហើយថា ព្រៃឈើមានអត្ថប្រយោជន៏ច្រើនណាស់ក្នុងការរស់នៅរបស់យើងសព្វថ្ងៃដូចជា ជាជម្រកសត្វព្រៃ ការការពារគ្រោះធម្មជាតិពីទឹកជំនន់ បម្រែបម្រួលអាកាសធាតុ និងអត្ថប្រយោជន៍ជាច្រើនទៀត…..។ ជាចុងក្រោយនាងខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ សូមបន្តការថែរក្សាការពារព្រៃឈើ នឹងបន្តុះបន្ថែមតទៅទៀត ដើម្បីឲ្យប្រទេសយើង ជាប្រទេសដែលសម្បូរទៅដោយព្រៃឈើ»

នេះជាការបំផុសមួយថ្មី បន្ទាប់ពីពេលកន្លងមក នាងបានចំណាយថវិកាផ្ទាល់ខ្លួន និងបានគៀរគរអ្នកគាំទ្រច្រើននាក់មកហើយ ឲ្យចុះដាំដើមឈើជាមួយខ្លួន ធ្វើឲ្យមានការកោតសរសើរ។

នាងបានដាំចំនួន១ម៉ឺនដើមរួចហើយ នាពេលកន្លងមក ដោយក្រោយពីដាំដើមឈើទាំងនោះនាងក៏បានចំណាយប្រាក់ឲ្យអ្នកស្រុកមើលថែដើមឈើទាំងនោះ និងគ្រោងចុះដាំបន្ថែមឲ្យគ្រប់២ម៉ឺនដើម៕

មតិយោបល់