ព័ត៌មានជាតិ

Update៖ យុវសិស្សវិទ្យាល័យ«អរុណវត្តី»ម្នាក់អាយុ១៥ឆ្នាំ ជិះម៉ូតូជែងរ៉ឺម៉កទាក់ដៃចង្កូតដួលរថយន្តដឹកទំនិញមកពីក្រោយកិនបែកក្បាលស្លាប់

ភ្នំពេញ: យុវសិស្សវិទ្យាល័យ អរុណវត្តីម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿងកិនបែកក្បាលស្លាប់នៅកន្លែង ខណ:ដែលជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿងជាមួយមិត្តភក្កិ បើកជែងរ៉ឺម៉កម៉ូតូហើយទាក់ដៃចង្កូតម៉ូតូដួលហើយ រថយន្តមកពីក្រោយ ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទីនាទីថ្ងៃត្រង់ទី៣ ខែធ្នូ ឆ្នាំ២០១៨នៅតាមបណ្តាយផ្លូវបេតុង ក្នុងភូមិជង្រុក សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលបានស្លាប់នោះ ត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះបាន ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យអរុណវត្តី មានលំនៅភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅកន្លែង។ ចំណែករថយន្តកិនមនុស្សស្លាប់ជារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង3A-1494 បើកបរដោយបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1GQ-7029មួយគ្រឿង ដោយមិត្តភក្កិឈ្មោះ ហង្ស ស្រីពេជ្រ អាយុ១៥ឆ្នាំ ជាអ្នកឌុប ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ចេញពីសាលារៀនគោលបំណងត្រឡប់ទៅផ្ទះ។

តាមព័ត៌មានបានឲ្យដឹងទៀតថានៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ក៏បានជិះម៉ូតូជែង រ៉ឺម៉កម៉ូតូមួយគ្រឿងមិនផុត ទាក់ដៃចង្កូត បណ្តាលឲ្យដួល ហើយ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ មកពីក្រោយកិន បែកក្បាលស្លាប់នៅកន្លែងតែម្តង។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ភ្លាមៗក្រុមគ្រួសារ ជនរងគ្រោះក៏បានធ្វើដំណើរ ទៅដល់កន្លែងកើតហេតុហើយនាំគ្នាយំអោបសពកូន យ៉ាងក្តុកក្តួលបំផុត ។

ចំណែករថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបរ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់