ព័ត៌មានជាតិ

សក្តិសិទ្ធណាស់រឿងមួយនេះព្រោះតែមិនគោរពតាមពាក្យសន្យាទីបំផុតត្រូវទទួលផលបែបនេះមែន?…

បាត់ដំបង:កាលពីថ្ងៃច័ន្ទ៧កើតខែទុតិយាសាឍឆ្នាំថោះបញ្ច​ស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៤ខែកក្កដាឆ្នាំ២​០២​៣វេ លាម៉ោង១៥និង០០នាទី នៅក្រុមទី៩ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយ ឈ្មោះ ណាម សុផល ហៅ ង៉ោល ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាព យកដុំថ្មគប់បំផ្លាញទៅលើរថយន្តមួយគ្រឿង ម៉ាក Hyundai ព៌ណសពាក់ស្លាកលេខ កំពង់​ស្ពឺ 3A-0777 ជារបស់ជនរងគ្រោះឈ្មោះ ងួន ណាត ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានដូចគ្នា ដែលកំពុងទុកនៅក្រោមរោងជាប់មុខផ្ទះ បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្តទាំងសងខាង ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយពេលទទួល​ពាក្យ បណ្តឹងនេះលោកវរសេនីយ៍ទោ សំ វីរះ​ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ស្នើសុំយោ​បល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡាស្នង​ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្យសខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក នាវេលារសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៣ ។

លោកវរសេនីយ៍ទោ សំ វីរះ បានបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះខាងលើ គឺកាលពីអំឡុង០៤ឆ្នាំមុន រូបគេមានវត្ថុសក្តិសិទ្ធិមួយ(ជាខ្នាយតាន់) ដែលខ្លួនគ្រប់គ្រងរក្សាជាយូរមក​ហើយ ហេីយនៅអំឡុងពេលនោះបុរសរូបនេះ(ជនរងគ្រោះ) បានសុំយកវត្ថុនោះពីរូបគេមកធ្វើជាកម្មសិទ្ធិ និងបានភ្ជាប់ជាមួយការសន្យាថា បើរូបគាត់យកវត្ថុនេះទៅគ្រប់គ្រងហើយរកស៊ីទទួលទានមាន​បាន​ដូចសេចក្តីប្រាថ្នាមែននោះគេនឹងទិញម៉ូតូថ្មីមួយគ្រឿងឱ្យមកខ្លួន(ជនសង័្សយ)ដែលជាម្ចាស់ដើម នៃ​វត្ថុសក្តិសិទ្ធិនេះ ។ ក្រោយពេលសន្យានិងទទួលយក​វត្ថុសក្តិសិទ្ធិទៅរក្សាទុកហើយ និងពេលជាបន្តបន្ទាប់ ការរកស៊ីរបស់បុរសនោះ ឃើញថាមានបានដូចការប៉ងប្រាថ្នានោះមែន តែមិនបានឃើញទិញម៉ូតូថ្មីឱ្យ​មកខ្លួនដូចការសន្យា នោះរហូដល់ឆ្នាំទី០៤ ទើបជន​សង័្សយធ្វើសកម្មភាពបែបនេះឡើងតែម្តងនៅថ្ងៃ​កើតហេតុ ដើម្បីដោះស្រាយបញ្ចាប់ការ(សន្យាខ្យល់)របស់បុរសជាម្ចាស់រថយន្ត ។

ទោះជាបែបនេះក្តីពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួន ជាមួយនឹងដុំថ្មមួយដុំជាមធ្យោបាយធ្វើសកម្មភាពផងដើម្បីបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់