ព័ត៌មានជាតិ

Update៖ សិស្សវិទ្យាល័យពងទឹកម្នាក់ជិះម៉ូតូទៅយកបងស្រីនៅសាលារៀន ចៃដន្យបុកជាមួយរថយន្តស្លាប់មួយរំពេចទាំងកណ្តាលថ្ងៃត្រង់

ភ្នំពេញៈ ក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជិះម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តសាំយ៉ុង បង្កឲ្យមានការភ្ញក់ផ្អើលកាលពីវេលា ម៉ោង១១និង៥០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវបេតុងវត្តស្លែង ភូមិភាកែងចូលភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ បូណា ផានិត អាយុ១៥ឆ្នាំ ស្នាក់នៅភូមិប្រទះឡាង ជាសិស្សវិទ្យាល័យពងទឹក ជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1C-2141 រីឯរថយន្ត ម៉ាកសាំយ៉ុង១២កៅអី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4837 បើកបរដោយឈ្មោះ ឡេង វិបុល អាយុ២៣ឆ្នាំ មុខរបរបើកបរដឹកអីវ៉ាន់រោងចក្រ។

ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះជិះម៉ូតូម្នាក់ឯង សម្ដៅទៅឌុបបងស្រីចេញពីសាលារៀនមកផ្ទះ ក្នុងទិសដៅលិចទៅកើត រីឯរថយន្តធ្វើដំណើរទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងចូលតាមភូមិអង្គខ្វះការប្រុងប្រយ័ត្ន ស្របពេលម៉ូតូរងគ្រោះល្បឿនលឿនគួរសមផងនោះ ទើបបុកចំពីមុខពេញទំហឹង បណ្តាលបោកក្បាលស្លាប់តែម្តង ។

ក្រោយកើតហេតុ រថយន្តនិងតៃកុង ត្រូវបានប្រជាពលរដ្ឋឃាត់បានបញ្ជូនទៅសមត្ថកិច្ច។ រីឯសាកសពក្មេងប្រុស យកទៅធ្វើបុណ្យនៅគេហដ្ឋាន ក្រោមសម្រែកទ្រហោយំស្តាយស្រណោះពីម្តាយ និងបងស្រី រួមនឹងសាច់ញាតិ ៕

មតិយោបល់