ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុលត្រូល នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការសហការជាមួយគណៈកម្មការផ្សារ បានចុះប្រចាំការ ត្រួតពិនិត្យ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ គោលដៅសំខាន់គឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន
ដូចជា៖ មឹកក្រៀម និងងៀតបបែល និងទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែល ចំនួន ១៨.៥០ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់។ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកំទេចចោលនៅពេលក្រោយ និងឱ្យម្ចាស់ងៀតបបែលធ្វើកិច្ចសន្យាបញ្ឈប់ការលក់ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត។ ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់