ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី តាងខ្លួនជាមេអង្គរក្សម្នាក់របស់សម្តេចតេជោ ហ៊ុន សែន ដើររើសអង្គរក្សយកលុយក្នុង ម្នាក់ៗ៦០០ដុល្លារ ។ហេតុការណ៍ឃាត់ខ្លួនបុរសនេះ បានធ្វើឡើងនៅម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១៤ មករា ២០១៥ នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ បុរសជាប់សង្ស័យឈ្មោះ សុខ រិន អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ តែតាងខ្លួនជាមេអង្គរក្សម្នាក់របស់សម្តេចនាយករដ្ឋមន្ត្រី រស់នៅក្នុងភូមិពុទ្រា ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ។
តាមសម្តីរបស់លោក ប៊ុត ប៊ុនធឿន អធិការនគរបាលឲ្យដឹងថា ជនសង្ស័យខាងលើបានដើររើសអង្គរក្សជាច្រើននាក់យកលុយនៅក្នុងស្រុកបសេដ្ឋ ហើយក៍បន្តធ្វើសកម្មភាពនៅក្នុងស្រុកឱរ៉ាល់ទៀត ដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខ 1I 6068 ប៉ុន្តែជនសង្ស័យបានកែមកស្លាកលេខ 1I 6868 ។ លោកបានបន្តថា ដោយសារមានពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ឈ្មោះ ឈៀក ធឿន អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិស្តុក ឃុំស្វាយចចឹក ស្រុកបសេដ្ឋ និងបានទទួលព័ត៌មានថាមានអ្នកចាញ់បោកជននេះជាច្រើននាក់ទៀត ទើបសមត្ថកិច្ចឈានទៅស្រាវជ្រាវនិងធ្វើឃាត់ខ្លួនបាននៅល្ងាចថ្ងៃពុធនេះ ។នៅពេលនេះ ជនសង្ស័យកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់កាតតាមច្បាប់ ៕
មតិយោបល់