ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងថ្នាំញៀនជិត០១គីឡូក្រាម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញ សហការជាមួយផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ស្រុក ក្រុង ស៊ើបអង្កេត ស្រាវជ្រាវ ឲ្យដូចជាភ្លៀងរលឹម ទាក់ទិននឹងបទល្មើសគ្រឿងញៀន ដើម្បីភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ពិសេសបង្ការទប់ស្កាត់បទលើ្មសផ្តើមចេញពីគ្រឿងញៀន ដូចជាចោរ លួច ឆក់ ប្លន់ និងមួយវិញទៀត ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ចុះបង្រ្កាបមុខសញ្ញា សង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះនេត្រព្រះមាន៖

១-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ ២២ ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់ជាប់ពន្ធនាគាររយ:ពេល០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។ ២-ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកស្នងការរងបានបន្តថា ក្រោយពីសារភាពពីឈ្មោះ លឹម ចំរ៉ុង ហៅង៉ា នៅវេលាម៉ោង០៥ល្ងាច ថ្ងៃដដែល កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី បានបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន០៣នាក់បន្ថែមទៀត នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី មាន៖

១-ឈ្មោះ យឹម ផុន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ជននេះធ្លាប់ជាប់ពន្ធនាគារ០៣ឆ្នាំ ពីបទជួញដូរ្រឿងញៀន ។ ២-ឈ្មោះ មាស សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិពោធិ០២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។ ៣-ឈ្មោះ សន យូជីន ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ។

លោកស្នងការរង វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការទាំងពីរស្រុកនេះ នគរបាល បានធ្វើការដកហូតវត្ថុតាង មាន៖ គោលដៅទី១-ម្សៅក្រាមពណសថ្លា ០១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរស័ព្ទដៃ០២គ្រឿង ,គោលដៅ ។ ទី២-ម្សៅក្រាមពណ៌សថ្លា ចំនួន១១ថង់ (ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែ០១ ទម្ងន់៧១៤.២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរស័ព្ទដៃ០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ និងវត្ថុតាងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីហើយដែរ ៕

មតិយោបល់