ព័ត៌មានជាតិ

ជិះ​ម៉ូតូ​អត់ពាក់មួកសុវត្ថិភាព ​គេចពីសមត្ថកិច្ចក៏ជ្រុលទៅ​បុក​រថយន្ត​កុងតឺន័រ ពេល​ទំហឹង​រងរបួស​ធ្ងន់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង​ដោយ​គ្មាន​កញ្ចក់​មើល​ក្រោយ​ និងមិនពាក់មួក​សុវត្ថិភាព​ ហើយខណៈពេលដែលឃើញកម្លាំង​សមត្ថកិច្ច​កំពុងដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍​ ក៏ព្យាយាមបើកបញ្ច្រាសផ្លូវដើម្បីគេង​ខ្លួន​ តែ​ជាអកុសល្យ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​បើក​ស្រប​ទិសដៅ​ កាល​ពី​វេលាម៉ោង​៩និង៥០នាទី​យប់​ថ្ងៃទី​០៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខ​វិទ្យា​ល័យ​ជា​ស៊ីម​សាមគ្គី​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ គេឃើញ​បុរសម្នាក់​វ័យ​ប្រហែល​២៥ឆ្នាំ​ បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GD-3633 តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិសដៅ​បើកមក​ពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ឆ្ពោះ​ទៅ​ស្តុប​ណូគា​ ដោយ​ម៉ូតូ​ពុំមាន​បំពាក់​កញ្ចក់​សម្រាបមើលក្រោយ​និងអ្នកបើកបរមិនបានពាក់​មួក​សុវត្ថិភាព។ លុះមកដល់ក្បែរនិងចំណុច​កើតហេតុ​ ក៏មានកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​កំពុងតែដាក់គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ភ្លាម​នោះដោយ​ម៉ូតូ​ខាងលើ​ខ្លាច​សមត្ថកិច្ច​ចាប់​ធ្វើការផាន់និត​ ក៏បានព្យាយាមជិះគេចខ្លួនឆ្លងទៅផ្លូវម្ខាងទៀត​ ដែល​បញ្រ្ចាស​ទិសដៅ​ចរាចរណ៍​ ដោយខ្វះការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​និងរថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ម៉ាក​ ហ្វុយហ្សូ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​3E-1605 ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​ស្រប​ទិស​ចរាចរណ៍​ ចំពីមុខពេញ​ទំហឹង​បណ្តោយ​អ្នកបើកបរម៉ូតូរងរបួស​បាក់ជើងខាងស្តាំ។​ រីឯម៉ូតូ​រងការខូចខាត​មួយចំហៀងខាងឆ្វេង​យ៉ាង​ដំណំ។​ ចំណែក​ឯ​រថយន្ត​រងការខូចខាតកំពឹតកាង​ផ្នែកខាងមុខ​ចំហៀង​ខាង​ឆ្វេង​។

ក្រោយ​ពេញ​កើតហេតុ​បុរសរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​ជន​ ហុងហាក់​ដឹកយកទៅ​សង្គ្រោះ​ភ្លាមៗ។​ ដោយ​ឡែក​ម៉ូតូ​និងរថយន្ត​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ៕​

មតិយោបល់