ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​កំពុង​ព​ន្លឿ​ន​ផែន​ការ​ដែល​កំពុង​បង្កើត​ឡើង ​ដើម្បី​ជម្លៀស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន

មេបញ្ជាការ​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ព​ន្លឿ​ន​ផែន​ការ​ដែល​កំពុង​បង្កើត​ឡើង ​ដើម្បី​ជម្លៀស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ធ្វើ​ការ​ឲ្យ​យោធា​អាមេរិក​ មុន​ការ​ដក​កងទ័ព​នៅ​ខែ​តុលា។ ប្រធាន​ក្រុម​សេនាធិការ​ចម្រុះ​លោក​ឧត្ដមសេនីយ៍ Mark Milley បាន​និយាយ​ថា ​​អ្នកបកប្រែ​ភាសា និង​បុគ្គលិក​មួយ​ចំនួន​ទៀត​អាច​ជា​គោលដៅ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​តា​លី​បង់​។​

​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ១៨,០០០​នាក់​បាន​ដាក់​ឯកសារ​ស្នើសុំ​ទិដ្ឋាការ​ពី​សហរដ្ឋ​អា​មេ​រិក ​ដើម្បី​ធ្វើ​អន្តោប្រវេសន៍​ទៅកាន់​សហរដ្ឋអាមេរិក ក្រោម​កម្មវិធី​ពិសេស​មួយ​។ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​លើក​ពេល ដែល​ធ្វើ​ឲ្យ​អ្នក​ដាក់​សំណើ​រួចរាល់​ត្រូវ​រង់ចាំ​រយ:ពេល​ជាច្រើន​ឆ្នាំ​។​ មេបញ្ជាការ​ជាន់​ខ្ពស់​រូប​នេះ​បាន​និយាយ​ថា ​ការងារ​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ធានា​ថា ​យើង​នៅ​តែ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ពួកគេ ហើយ​យើង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ធានា​ពី​ការ​ការពារ​របស់​ពួកគេ ប្រសិនបើ​ចាំបាច់​ត្រូវ​នាំ​ពួកគេ​ចេញពី​ប្រទេស​នេះ បើ​សិន​នោះ​ជា​អ្វី​ដែល​ពួកគេ​ចង់បាន​។​

​កាលពី​ខែ​មេសា​កន្លងទៅ លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ទាហាន​អាមេរិក​នឹង​ត្រូវ​ដកចេញ​នៅ​ក្នុង​ខែ​តុលា បន្ទាប់ពី​ការ​បំពេញ​ការងារ​រយ:​ពេល ​២០​ឆ្នាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោ​កថា ​នេះ​ជា​ពេលវេលា​ត្រូវ​បញ្ចប់​សង្គ្រាម​ដ៏​រាំ​រៃ ​យូរអង្វែង​បំផុត​របស់​សហរដ្ឋ​អាមេរិក​ហើយ​។

គួរ​ឲ្យ​ដឹង​ថា ​មាន​ទាហាន​អាមេរិក​យ៉ាងហោចណាស់ ២​,៥០០​នាក់​នៅ​ក្នុង​ប្រទេស​នេះ ជា​ផ្នែក​បេសកកម្ម​របស់​អង្គការ​ណា​តូ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​មាន​ទាហាន​សរុប​ចំនួន ៩,៦០០​នាក់៕

 

 

មតិយោបល់