ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ត្រពាំងក្រសាំងមិនខ្វល់ រហូតមានរថយន្តដឹកអេតចាយក្រឡាប់…

ភ្នំពេញ: ​ រថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង ដឹកអេតចាយពេញរថយន្តហើយបានក្រឡាប់ផ្ងារជើងចាក់ចោលពេញផ្លូវ សំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ចំណុចក្រោយ​វត្តតាភេម​ ភូមិខ្វាវ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉េ​ ម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3A-7519 ដឹកអេតចាយពេញរថយន្ត​ ធ្វើដំណើរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ដោយសារតែផ្លូវមានស្ថានភាពទ្រុឌទ្រោមពេកជង្ហុកធំៗច្រើនធ្វើឲ្យរថយន្តផ្អៀងមួយចំហៀង ក្រឡាប់ផ្ងារជើងចាក់អេតចាយចោលពេញផ្លូវតែម្តង តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុដោយសារតែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិអ្នកជិតខាងទើបប្រគល់រថយន្តឲ្យម្ចាស់ទៅជួសជុលវិញ។

សូមបញ្ជាក់​ ផ្លូវខាងលើមានស្ថានភាពទ្រុឌទ្រោមយ៉ាងខ្លាំងជាយូរមកហើយ ប៉ុន្តែអាជ្ញាធរនៅមិនទាន់មានវិធានការនៅឡើយទេ៕

មតិយោបល់