ព័ត៌មានជាតិ

អជ្ញាធរខណ្ឌជ្រោយចង្វារ ចុះរុះរើសង្វៀនជល់មាន់ទ្រង់ទ្រាយធំ!

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដែលដឹកនាំដោយអភិបាលរង២រូប ក្រោមបញ្ជាផ្ទាល់របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចុះរុះរើសង្វៀនជល់មាន់ទ្រង់ទ្រាយធំមួយកន្លែង នៅសង្កាត់កោះដាច់ ដែលក្រុមញៀនល្បែងជួលដីគេលួចលាក់ជល់មាន់ទ្រង់ទ្រាយតូចជាយូរមកហើយ គ្មានអ្នកណាបង្ក្រាបក៏ធ្វើជាទ្រង់ទ្រាយធំ​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គណ:បញ្ជាការឯកភាព​ខណ្ឌជ្រោយចង្វារដែលទៅរុះរើរោងជល់មាន់នេះ ដឹកនាំដោយ​ លោក ហ៊ុយ​ សារុណ​ និង លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ក្រុមប្រឹក្សាសង្កាត់-ភូមិ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់​ជាច្រើននាក់​។

ជាមួយគ្នានោះគណៈបញ្ជាការឯកភាពបានដកហូតសម្ភារៈសំណង់រោងឈើប្រក់កៅស៊ូតង់នៅដីឡូតិ៍មួយកន្លែងរបស់ឈ្មោះ សុខ ពិសៀង និងឈ្មោះ សុខ ពិសិដ្ឋ ជាបងប្អូនបង្កើតស្ថិត នៅភូមិក្បាលកោះ ដែលបានជួលដីរបស់ខ្លួនឲ្យទៅឈ្មួញបើកទីតាំងជល់មាន់លក្ខណៈទ្រង់ទ្រាយធំ ពេល នោះក្រុមការងារបានរុះរើនិងដកហូតសម្ភារៈមកទុកនៅប៉ុស្តិ៍រដ្ឋបាល​សង្កាត់ និងបានកោះអញ្ជើញម្ចាស់ដីទាំង២នាក់បងប្អូនមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត។

ប្រភពបានឱ្យដឹងថាកន្លែងនេះមុនៗគេបញ្ជល់មាន់៣ទៅ៤គូរលួចលាក់ជាទ្រង់ទ្រាយតូចទេ តែដល់គ្មានអ្នកបង្ក្រាប ក៏រៀបចំជាទ្រង់ទ្រាយធំស្រាប់តែដឹងដល់អភិបាលខណ្ឌភ្លាមៗនោះលោកបានបញ្ជាឱ្យអភិបាលរង២រូបដឹកនាំកម្លាំងទៅរុះរើចេញតែម្តង​៕

មតិយោបល់