ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Naveen Srivastava ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម វិនិយោគទុន និងទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា ទាំងលោកប្រាក់ សុខុន និងលោក Naveen Srivastava បានវាយតម្លៃទៅលើទំនាក់ទំនង ដ៏ល្អប្រសើររវាងកម្ពុជា-ឥណ្ឌា ដែលមានតាំងពីយូរលង់មកនោះ។
លោកជុំ សន្ទរី បន្តថា ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយជួយដល់កម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ៨០ ក្រោយពេលប្រទេសកម្ពុជា ទើបរំដោះខ្លួនចេញពីរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត។ ដើម្បីពង្រីកទំនាក់ទំនងនេះ កម្ពុជា-ឥណ្ឌា នៅក្នុងឆ្នាំ២០១៦នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្រ្ត ដែលគ្រោងធ្វើនៅប្រទេសឥណ្ឌា។
ដើម្បីពង្រីកវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌា ឲ្យកាន់តែល្អប្រសើរថែមទៀត លោក Naveen Srivastava បានស្នើឲ្យកម្ពុជា ពិចារណាបើកការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ដែលការហោះហើរត្រង់នេះ រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀត។
ឆ្លើយតបសំណើនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ថា នឹងលើកយកសំណើទៅជូនក្រសួងទេសចរណ៍ឲ្យពិចារណា។ លោក ប្រាក់ សុខុន ក៏បានឆ្លៀតអរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ ដោយចំណាយថវិកាសរុបជិត ២០លានដុល្លារអាមេរិក៕
មតិយោបល់