ព័ត៌មានជាតិ

ម្ដាយទៅចូលរួមមង្គលការគេតាមខេត្ត មកវិញត្រូវកូនប្រុសសំណព្វ លួចម៉ូតូទៅបញ្ចាំ យកលុយចាយអស់រលីង

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១មិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីលួច ដែលប្រព្រឹត្តិកាលពីវេលាម៉ោង ១៥និង០០នាទីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួចរត់គេចខ្លួន។

ជនសង្ស័យឈ្មោះ រ៉េន សំអាត ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ុន ហួន ភេទស្រីអាយុ៥៥ឆ្នាំ មុខរបរលក់ដូរ (ម្ដាយជនសង្ស័យ) មានទីលំនៅផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-7538 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុគាត់ បានធ្វើដំណើរទៅខេត្តកំពត ដើម្បីចូលរួចមង្គលការគេ ដោយទុកម៉ូតូនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យជាកូនបង្កើត លួចយកទៅបញ្ចាំហើយយកលុយ ទៅចាយវាយអស់រហូតដល់ថ្ងៃទី១ ខែមិថុនានេះ ទើបប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់