ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ៖ ករណី​ផ្ទុះអាវុធ​ដោយ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ដោះស្រាយ​គ្នា​បញ្ចប់​ហើយ​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​កង​អង្គរក្ស​រងរបួស​ត្រង់​ភ្លៅ នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ កាលពី​កន្លង​ទៅនោះ​កំពុង​កើន​កម្តៅ​យ៉ាងខ្លាំង​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​បុក​ឆ្លើយឆ្លង​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន​។ ទោះបីជា​យ៉ាងនេះ​ក្តី នៅ​ព្រឹក​ថ្ងៃទី​០៩​ធ្នូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍ ស ថេត បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ករណី​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​អស់ហើយ ។ ឯកឧត្តម​បន្តថា អ្នកសារព័ត៌មាន​ខ្លះ​កំពុង​តែមាន​ចេតនា​ផ្សាយ​ញុះញង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច។​

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​អំពី​មូល​ហេតុថា គ្មាន​កម្លាំង​សមត្ថកិច្ច​ណា​នៅ​សុខៗ​ដើរ​បាញ់​នោះទេ រឿង​ហ្នឹង​គឺ​ផ្តើមចេញពី​ការហូបចុក​ហើយ គាត់​មាន​អាវុធ​នៅ​នឹង​ខ្លួន ទោះបីជា​គាត់​មាន​សំបុត្រស្នាម​ប្រើប្រាស់​ក៏ដោយ ហើយ​គាត់​ដក​សម្ញែង​បង្ហាញ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​ពលរដ្ឋ​ក៏បាន​ប្តឹង​មកដល់​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​ក៏​ចុះទៅ​ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការ នៅពេលដែល​ចុះ​ក៏​មិនបាន​ដឹងថា គាត់​នឹង​ជា​កងកម្លាំង​ដែរ​ទេ ហើយ​គាត់​ក៏បាន​ជិះ​ម៉ូតូរ​ត់ទៅ សមត្ថកិច្ច​ក៏​ដេញតាម​ហើយ​បាន​បាញ់​ឡើងលើ​ដើម្បី​ឲ្យ​គាត់​ឈប់ តែ​គាត់​ក៏​មិន​ឈប់​ទេ ហើយ​ថែមទាំង​ក៏​ដក​អាវុធ​ពី​ចង្កេះ​គាត់​ទៀត ។ ពេលនោះ​សមត្ថកិច្ច​ក៏​បាញ់​ដី​ប៉ុន្មាន​គ្រាប់​ទៀត ក៏​ខ្ទា​ត់​ផ្លាត​គ្រាប់​ត្រូវ​ភ្លៅ​គាត់​ទៅ ។ ហើយ​រឿងនេះ​ក៏បាន​ដោះស្រាយ​បញ្ចប់​ផងដែរ មិន​មានការ​ប្តឹងផ្តល់​អ្វី​ទេ​។​

ទោះបីជា​មានការ​បញ្ជាក់​យ៉ាងនេះ​ក្តី​ពី ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បើតាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯល វណ្ណ​ថន មេបញ្ជាការ​កងអនុសេនាធំ​ការពារ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​បញ្ជាក់ថា លោក​នឹង​ប្តឹង​ករណី​បាញ់​មកលើ​កូនប្រុស​របស់លោក​ ដោយ​គ្មាន​កំហុស​ទៅ​តុលាការ ។ បើទោះបី​ជាមាន​វត្តមាន​លោក​អភិបាលខណ្ឌ និង​លោក​អធិការ​ខណ្ឌដង្កោ បាន​ចុះទៅ​សួរសុខទុក្ខ​កូនប្រុស​គាត់​ដល់​មន្ទីរ​ពេទ្យ​ក៏ដោយ លោក​មិន​អត់ឱន​ឲ្យ​បានទេ ។​

ដោយឡែក ប្រភពពី​អធិការរង​ខណ្ឌ​បាន​និយាយថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មាន​មនុស្ស​មួយក្រុម​បាន​អា​ម៉េ​កាំភ្លើង​បង្អួត​គ្នា​នៅក្នុង​ហាង​ម្លប់​ស្វាយ ពេលនោះ​លោក​ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ត្រួត​ពិន​និត្យ​មើល ហើយ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផង ព្រោះ​គេ​មាន​អាវុធ ។ ពេល​នោះគេ​មិន​ឈប់​ឲ្យ​ សមត្ថកិច្ច​ត្រួតពិនិត្យ​ទេ ព្យាយាម​ជិះ​ម៉ូតូ​រត់​រហូតដល់​មុខ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ តាម​ច្រក​តូច​សមត្ថកិច្ច​ ក៏​បាញ់​ឡើងលើ​៤​គ្រាប់ ជនសង្ស័យ​ក៏​ដក​កាំភ្លើង​តែ​មិនបាន​បាញ់​ទេ សមត្ថកិច្ច​ក៏​បាញ់​ផ្ជុ​ច​ដី​ក៏​ផ្លាត​គ្រាប់​ត្រូវ​ភ្លៅ​តែម្តងទៅ ។​

គួរ​រំឭក​ផងដែរ​ថា ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​កង​អង្គរក្ស​រងរបួស​នោះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅមុខ​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ដេញតាម​ជនសង្ស័យ ពី​ម្តុំ​មុខ​វត្ត​កំពែង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​សង្ស័យ​ជា​មុខសញ្ញា​។ ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​អះអាងថា ពួកគេ​មិនបាន​ឈប់​ឲ្យ​ត្រួតពិនិត្យ និង​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​ ៕

មតិយោបល់