ភ្នំពេញៈ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោក វេង ហ៊ត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងពុករលួយ របស់មន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ មកធ្វើការជំនុំជម្រះលើអង្គសេចក្តីជាសាធារណៈ។
ជនជាប់ចោទមានឈ្មោះ អ៊ា សែ ភេទប្រុស អាយុ៤២ឆ្នាំ មានតួនាទីជា ប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានលោក លី សុផាណា តំណាងអយ្យការចោទប្រកាន់ពីបទ វីតិក្រម ប្រព្រឹត្តនៅក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទបាន សារភាពថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ខ្លួនពិតជាបានទទួលប្រាក់ពីឈ្មោះ ស្រីល័ក្ខ (ឈ្មោះអង្គភាពប្រឆាំងអំពើពុករលួយដាក់ឱ្យ) ជាអ្នករកសុីនាំខោអាវកីឡាពីបរទេសមកលក់នៅស្រុកខ្មែរ និងជាដើមបណ្តឹង ចំនួន ១.០០០ដល្លារមែននៅថ្ងៃកើតហេតុ។ ជនជាប់ចោទបានបញ្ជាក់ថា លុយដែលខ្លួនទទួលពីឈ្មោះ ស្រីល័ក្ខនោះគឺ ស្រីល័ក្ខជាអ្នកដាក់ឱ្យនៅក្នុង សឺមី ដើម្បីយកទៅឱ្យលោក សុខ ខឿន ជាមេរបស់ខ្លួន ក្នុងការប្រថាប់ត្រាលើឯកសារ អនុញ្ញាតឱ្យឈ្មោះ ស្រីល័ក្ខ បើកដំណើរការរកសុីបាន។ ជនជាប់ចោទបានបន្តថា ខ្លួនមិនទាន់បានយកលុយទៅជូនលោក សុខ ខឿន ជាប្រធានផង ក៏ត្រូវបានសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅថ្ងៃដដែលតែម្តង។
ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវបានលោក វេង ហ៊ត់ លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខវិញ៕
មតិយោបល់